មួយគ្រាប់ដំបូងដ៏អស្ចារ្យរបស់ Benzema ធ្វើឱ្យ Zidane ញញឹមបិទមាត់មិនជិត ហើយលោកបានសរសើរកីឡាករបារាំងថា ពិតមានចលនា និងបញ្ចប់ទីបានល្អ ហើយជ័យជម្នះ ៣-០ លើ Valencia កាលពីយប់មិញ ជួយឱ្យ Real Madrid ចាញ់ក្រុមកំពូលតារាង Barcelona តែពីរពិន្ទុប៉ុណ្ណោះ។
អ្នកចាត់ការក្រុម Zidane លើកឡើងបែបនេះ ៖«វាជាគ្រាប់ដ៏អស្ចារ្យ ល្អទាំងចលនា និងការបញ្ចប់ទី។ ខ្ញុំសប្បាយចិត្តណាស់សម្រាប់គ្រាប់បាល់របស់ Karim»។
ក្រៅពីខ្សែប្រយុទ្ធ Benzema លោក Zidane ក៏បានសរសើរ Eden Hazard និង Luka Modric ដែលសហការគ្នាបានល្អ បង្កើតឱកាសឱ្យ Benzema រកគ្រាប់ទី១នាំមុខ មុនគ្រាប់របស់ Asensio នៅនាទី៧៤ និង Benzema ជាថ្មីនៅនាទី៨៦។
អ្នកចាត់ការក្រុមសញ្ជាតិបារាំងវ័យ៤៧ឆ្នាំ ពន្យល់ថា ៖«នេះជាការប្រកួតដ៏ល្អពី Hazard។ គាត់ល្អ និងលេងបាន៨០នាទី។ ពេលខ្លះអ្នកអាចគិតថា គាត់ហាក់ចាប់ផ្ដើមអស់កម្លាំង តែពេលគាត់បានបាល់ គាត់បង្កើនល្បឿនលឿនមែនទែន»។
កីឡាករ Real Madrid លេងត្រូវជើងគ្នាណាស់កាលពីយប់មិញ ជាពិសេសអតីតខ្សែប្រយុទ្ធ Chelsea វ័យ២៩ឆ្នាំ Hazard ដែលទើបជាពីរបួស និងម្នាក់ទៀតគឺ Luka Modric។ អ្នកទាំងពីរជាកីឡាករលេងក្រឡុកខ្លាំង និងធ្វើឱ្យក្រុម Valencia ឈឺក្បាលមិនតិចទេនៅតង់ទី២៕