បុរសសញ្ជាតិអេស្ប៉ាញ បានសម្រេចចិត្តបន្តកិច្ចសន្យារយៈពេល២ឆ្នាំ បន្ថែមទៀត ដែលនេះបង្ហាញថា លោកនឹងស្នាក់នៅក្លិប Man City រហូតដល់ទៅ១១ឆ្នាំ ចាប់តាំងពីចូលរួមដំបូងនៅក្នុងឆ្នាំ២០១៦។ រយៈ ពេល៩ឆ្នាំ កន្លងមក លោក Guardiola បានដឹកនាំក្រុម Man City ប្រជែងឈ្នះពានរង្វាន់ចំនួន ១៨ លើក ដោយក្នុងនោះរួមមាន Premier League ចំនួន ៦លើក និង UEFA Champions League ១លើក។
ការប្រកាសរបស់ក្លិប Man City បានបង្កឱ្យមានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រោះតែពេល ថ្មីៗនេះ អ្នកគាំទ្រតែងតែបានក្តីព្រួយបារម្ភ ចំពោះការចាត់វត្តមានដឹកនាំរបស់លោក Guardiola។ តាម ពិតទៅកុងត្រារបស់អ្នកចាត់សញ្ជាតិអេស្ប៉ាញជាមួយនឹងក្លិប Man City នៅចុងរដូវកាល ២០២៤-២៥ នេះតែប៉ុណ្ណោះ។
បន្ទាប់ពីបានបន្តកិច្ចសន្យាជាមួយនឹងក្លិប Man City បន្ថែមទៀត បុរសវ័យ ៥៣ឆ្នាំ បានអរគុណទៅកាន់ ក្លិបដែលបានផ្តល់ក្តីគោរព និងជឿជាក់សម្រាប់ការដឹកនាំនាពេលកន្លងមក។
លោក Guardiola បាន និយាយដូច្នេះថា៖«ក្លិប Manchester City គឺពិតជាមានន័យខ្លាំងសម្រាប់ខ្ញុំ ពេលនេះខ្ញុំបានស្នាក់នៅទី នេះរយៈពេល ៩ឆ្នាំ រួចមកហើយ យើងមានបទពិសោធន៍ និងមានពេលវេលាដ៏ល្អអស្ចារ្យជាច្រើនរួមគ្នា។ ខ្ញុំពិតជាមានអារម្មណ៍ពិសេសសម្រាប់ក្លិបបាល់ទាត់មួយនេះ នេះជាហេតុដែលខ្ញុំរីករាយ ដើម្បីស្នាក់នៅ បន្តរួមគ្នា រយៈពេល ២រដូវកាល បន្ថែមទៀត។»។
ចាប់តាំងពីចំណាយពេល ៩ឆ្នាំ នឹងដណ្តើមបានពានរង្វាន់រហូតដល់ ១៨លើក សម្រាប់ក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីអារ៉ាប់មកពីទីក្រុង Abu Dhabi ស្ថិតនៅក្នុងរដូវកាល ២០២៤-២៥ ក្រុមហាក់បីជាបានធ្លាក់ទម្រង់លេងបន្តិចបន្តួច ហើយនៅការប្រកួតចំនួន ៤លើក ចុងក្រោយក្រុមរងបរាជ័យចំនួន ៤ប្រកួតជាប់គ្នា និងជាកំណត់ត្រាអាក្រក់ដំបូងក្រោមការដឹកនាំរបស់លោក Guardiola។
ដោយឡែកមុនពេលការប្រកាសរបស់ក្លិបជាផ្លូវការ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានចុះផ្សាយថា លោក Guardiola បានយល់ព្រមបន្តកិច្ចសន្យារយៈពេល ១ឆ្នាំ ប៉ុណ្ណោះ ជាមួយនឹងក្លិប Man City។
គួររំលឹកថាបច្ចុប្បន្នក្រុម Manchester City កំពុងតែឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង Premier League ដោយឈរពីក្រោមក្រុមកំពូលតារាង Liverpool ដោយមានគម្លាតពីគ្នាចំនួន ៥ពិន្ទុ។ ក្រុម Manchester City នឹងវិលត្រឡប់ទៅកាន់ការប្រកួតលីគកំពូលអង់គ្លេស នៅថ្ងៃទី២៣ ខែវិច្ឆិកា ដោយត្រូវប្រកួតប្រជែងទល់នឹងក្រុម Tottenham Hotspur ក្នុងកីឡដ្ឋាន Etihad វេលាម៉ោង ០០:៣០នាទី (ម៉ោងនៅកម្ពុជា)៕