សារព័ត៌មាន Daily Mail ថ្ងៃនេះ បានចុះផ្សាយថាពានរង្វាន់ Premier League នឹងត្រូវគេបញ្ចប់ត្រឹមចុងខែកក្កដា ចំណែក Champions League និង Europa League នឹងចាប់ផ្ដើមលេងនៅខែសីហា ឆ្នាំ២០២០។
ចំណែកសារព័ត៌មាន The Sun បានអះអាងថា បណ្ដាប្រធាន Premier League និងប្រធាន UEFA លោក Aleksander Ceferin បានកំណត់យកថ្ងៃទី៣១ ខែកក្កដាជាថ្ងៃបញ្ចប់ PL ដើម្បីរកម្ចាស់ជើងឯកថ្មីរដូវកាល២០១៩/២០។ ដោយឡែកការប្រកួតប្រជែងពានរង្វាន់ Champions League និង Europa League នឹងចាប់ផ្ដើមក្នុងខែសីហា មុនចាប់ផ្ដើមរដូវកាលថ្មី។
ចំណែកប្រធានក្របខ័ណ្ឌពានរង្វាន់អឺរ៉ុប (European Leagues) លោក Lars Christer Olsson បានឱ្យដឹងថា ៖«មហិច្ឆតាគឺចុងខែ៧ ត្រូវបញ្ចប់លីគក្នុងស្រុក បន្ទាប់មកពួកយើងនឹងព្យាយាមលេងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់អឺរ៉ុបក្នុងខែសីហា។ វានឹងមានការបត់បែនពី UEFA»។ យើងនៅតែជឿជាក់លីគក្នុងស្រុកអាចបញ្ចប់បាន។ ប្រទេសជាច្រើននឹងធ្វើដែរ បើទោះលេងបិទទ្វារគ្មានអ្នកគាំទ្រ»។
ទាំង២០ក្លឹបនៅ Premier League នឹងធ្វើការប្រជុំផ្សេងទៀតនៅថ្ងៃសុក្រទី១ ខែឧសភា ដើម្បីលើកឡើងពីការព្រួយបារម្ភផ្សេងៗដែលអាចកើតមាន ពេលពួកគេចាប់ផ្ដើមការប្រកួតឡើងវិញ៕