Sterling សារភាពត្រង់ៗថា ចង់បានអាវរបស់ ខ្សែប្រយុទ្ធឆ្នើមម្នាក់នេះខ្លាំងណាស់

ម្ចាស់អាវលេខ៧របស់ ក្រុមមេឃខៀវ Manchester City កីឡាករ Raheem Sterling បានសារភាពថា គេពិតជាចង់បានអាវរបស់កំពូលខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Lionel Messi។

Sterling បានរក្សាទុកអាវជាច្រើន ដែលបានមកពីការដោះដូរជាមួយគូប្រកួតល្បីៗក្រោយប្រកួតចប់ ប៉ុន្តែរូបគេនៅមិនទាន់ដាក់តាំងអាវទាំងនោះក្នុងផ្ទះនៅឡើយទេ។

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ បានបង្ហើបថា ទាល់តែគេបញ្ចប់អាជីពជាកីឡាករ ទើបគេដាក់តាំងអាវទាំងនោះ ជាមួយនឹងពានរង្វាន់ដែលគេទទួលបានតែម្ដង។

Sterling បាននិយាយលម្អិតយ៉ាងដូច្នេះថា៖

ខ្ញុំចូលចិត្តដោះដូរអាវជាមួយគូប្រកួត ប៉ុន្តែខ្ញុំមិនទាន់បានដាក់តាំងមួយនៅឡើយទេ។ ព្រោះខ្ញុំមិនចូលចិត្ត ឲ្យភ្ញៀវចូលមកផ្ទះខ្ញុំឃើញថា ខ្ញុំជាកីឡាករបាល់ទាត់។ ប៉ុន្តែច្បាស់ណាស់ នៅពេលដែលខ្ញុំចូលនិវត្តន៍ ខ្ញុំនឹងធ្វើបន្ទប់មួយដើម្បីដាក់ពានរង្វាន់ ដែលខ្ញុំទទួលបាន ហើយខ្ញុំនឹងជ្រើសរើសអាវគូប្រកួតណាមួយ ដែលខ្ញុំពេញចិត្ត ដាក់តាំងក្នុងទីនោះ។ យ៉ាងណាមិញ មានតែអាវមួយគត់ដែលខ្ញុំចង់បានខ្លាំងបំផុត នោះគឺអាវរបស់ Messi។ កាលពីពួកយើងលេងទល់នឹង Barcelona ខ្ញុំបានទទួលអាវពី Neymar ហើយនោះជាលើកទី១ហើយ ដែលខ្ញុំសុំអាវពីកីឡាករដទៃ៕

Similar Posts