Borussia Dortmund បានដាក់គោលដៅទៅលើយុវជនកំពុងលេចធ្លោរបស់ Barcelona កីឡាករ Ansu Fati ដើម្បីយកមកជំនួសកន្លែងរបស់ Jadon Sancho នេះបើតាម Sport។
កាសែតអេស្ប៉ាញបានចុះផ្សាយថា ក្លិបយក្សអាល្លឺម៉ង់ កំពុងតែធ្វើឲ្យទីផ្សាររដូវក្ដៅខាងមុខកក្រើក ទៅលើកីឡាករយុវជនពោរពេញដោយសមត្ថភាពរបស់ខ្លួន Sancho ដែលមានតម្លៃខ្លួនប្រមាណជា១០០លានផោន ដែលកំពុងស្ថិតនៅក្នុងរ៉ាដារបស់ Manchester United និង Chelsea។
ចំពោះអ្នកដែលត្រៀមនឹងមកជំនួសតំណែងរបស់ Sancho វិញ ក្លិប Dortmund បានសម្លឹងឃើញខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ Fati របស់ក្លិបអ្នកមានបុណ្យ Barcelona។ Fati ត្រូវបានដំឡើងមកកាន់ក្រុមធំក្នុងរដូវកាលនេះ កាលពីខែសីហាឆ្នាំមុន និងបានក្លាយជាកីឡាករមានអាយុតិចជាងគេទីពីរនៅក្នុងប្រវត្តិសាស្រ្តក្លិបដែលបានចូលលេងនៅទីលាន។
សរុបការបង្ហាញខ្លួនក្នុងរដូវកាលនេះ Fati បញ្ចេញសមត្ថភាពលើវាលស្មៅបាន២៤ប្រកួតក្នុងនោះគេអាចរកគ្រាប់បាល់បាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១លើក។
Dortmund មើលឃើញថា បើសិនជាអាចនាំយក Fati មែននោះ គេនឹងអាចអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរ ដូចទៅនឹងរៀមច្បង Sancho ដែល Dortmund ទិញពី Man City កាលពីឆ្នាំ២០១៧។
គួរឲ្យដឹងដែរថា បច្ចុប្បន្ន Sancho គឺជាគោលដៅចម្បងរបស់ Manchester United ខណៈ Chelsea និង Real Madrid ក៏ជាបេក្ខភាពដែលចង់បានជម្រើសជាតិអង់គ្លេសវ័យ២១ឆ្នាំ ផងដែរ៕