Sancho ធ្វើ​បាន​ហែត​ទ្រីក ពេល Dortmund បំបាក់​ក្រុមម្ចាស់​ផ្ទះ​យ៉ាង​ដំណំ​

0
633

កីឡាករ Jadon Sancho ធ្វើ​បាន​ហែត​ទ្រីក (hat-trick) ពោល​គឺ​ស៊ុត​បញ្ចូល​ទី​បាន ៣​ គ្រាប់ ក្នុង​ប្រកួត​ដែល​ក្រុម Borussia Dortmund បំបាក់​ក្រុម​បាត​តារាង Paderborn យ៉ាង​ចាស់​ដៃជាមួយ​នឹង​លទ្ធផល ៦-១ ខណៈ​រាល់​ការ​អបអរ​ម្ដង​ៗ ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​រូប​នេះ តែង​តែ​បើក​បង្ហាញ​អាវខាង​ក្នុង​ ដែល​សរសេរថា​ «Justice for George Floyd»​ ​(យុត្តិធម៌​សម្រាប់ George Floyd)។ ​

ជ័យ​ជម្នះ​របស់​ក្រុម​ដែលមាន​រហស្សនាម​ថា អធិរាជខ្មៅ​លឿង កាលពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ធ្វើ​ឲ្យមាន​សង្ឃឹម​តិច​តួច​ដែរ​ ក្នុង​ការ​តាម​ប្រជែង​យក​ពាន​ Bundesliga ក្រប​ខ័ណ្ឌកំពូលរបស់​អាល្លឺម៉ង់ ព្រោះ​ថា​ពេល​នេះ អាច​កាត់​បន្ថយ​គម្លាត​នាំមុខ​របស់​ក្រុម​កំពូល​តារាង Bayern Munich ពី​ ១០ មក​ត្រឹម ៧ ពិន្ទុ​។

យ៉ាង​ណា​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ​កីឡដ្ឋាន Benteler-Arena នេះ ត្រូវរង់​ចាំ​ដល់​វគ្គ​ទី ​២ ទើប​មាន​គ្រាប់​បាល់​កើត​ឡើង ក្រោយ​កីឡាករ Thorgan Hazard ស៊ុត​បាន​សម្រេច ១ គ្រាប់ នៅ​នាទីទី ៥៤ ជួយ​ឲ្យ​ Dortmund នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ ១-០ មុន​នឹង​កីឡាករ Sancho រក​ឃើញ​គ្រាប់​ដំបូង​របស់​ខ្លួន​ សម្រាប់​​ការ​ប្រកួត​នេះ នៅ​នាទីទី ៥៧ បន្ថែម​គម្លាត​នាំ​មុខទៅឆ្ងាយ​បន្តិច​។

នាទីទី​ ៧២ ក្រុម​ Paderborn បាន​បន្ថយ​ការ​នាំ​មុខ​ត្រឹម ១-២ វិញ បន្ទាប់​ពី​ខ្សែ​ការ​ពារ Uwe Huenemeier មិន​ភ្លាត់ ក្នុង​ការស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ តែ​មិន​ទាន់​បាន​ប៉ុន្មាន​នាទីទី​ផង ពោល​គឺ ២ នាទី​បន្ទាប់ កីឡាករ Sancho មាន​ឱកាស​បំប៉ោង​សំណាញ់ទី​គ្រាប់​ទី ​២ របស់​ខ្លួន ក៏​ដូច​ជា​ជួយឲ្យ​ក្រុម​ នាំ​មុខ​ ២ គ្រាប់​វិញ​ផងដែរ ខណៈ​​ក្រោយ​មក ក្រុម​ម្ចាស់​ផ្ទះ​ហាក់​លែង​មាន​សិទ្ធិ​តដៃ​ហើយ​​ ព្រោះ​សល់​ការ​ប្រកួត​សល់​ត្រឹម​ ៥ ​នាទីចុងក្រោយ​ ក្រុម​ភ្ញៀវ​បាន​ស៊ុត​បញ្ចូលទី​ផ្ទួន​ៗ​តែ​ម្ដង ដោយ​នាទីទី​ ៨៥ ជាគ្រាប់​បាល់​របស់ Achraf Hakimi ហើយ​នាទីទី​ ៨៩ ជារបស់​​ Marcel Schmelzer ខណៈ​នាទីទី ​៩០ ជា​គ្រាប់​បាល់​ហែតទ្រីក​របស់ Sancho​។

យ៉ាង​ណា​​ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅមិន​មានសម្ដី​របស់កីឡាករ​ណា ឬ​គ្រូបង្វឹក​របស់​ក្រុម​ Dortmund បញ្ចេញ​មតិ​យោបល់អ្វី​ឡើយ ក្រៅ​តែ​ពី​អ្នក​ចាំទី Roman Buerki ដែល​​និយាយ​ខ្លី​ៗ​ថា​៖ «​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​ឈ្នះ​គ្រប់​ការ​ប្រកួត​ដែល​នៅ​សល់​»​។

ដោយ​ឡែក​ពាក់​ព័ន្ធ​នឹង​ការ​បង្ហាញ​អក្សរ​នៅ​លើ​អាវរបស់​កីឡាករទាំង​នោះ​​​វិញ កើត​​ឡើង​ក្រោយ​មាន​បុរស​ស្បែក​ខ្មៅ​ម្នាក់​អាយុ​៤៦​ឆ្នាំ ឈ្មោះ​ George Floyd បាន​ស្លាប់​ថ្មី​ៗ​នេះ នៅទីក្រុង Minneapolis រដ្ឋ Minnesota សហ​រដ្ឋ​អាមេរិក អំឡុង​ពេល​មាន​ការ​ចាប់​ខ្លួន​ពីប៉ូលិស​ម្នាក់ ដែលពេល​នោះ បាន​ផ្ដួល​បុរស​រូប​នេះ ទៅ​ដី ហើយ​យក​ជង្គង់​សង្កត់​ក​អស់​ជាច្រើន​នាទី។ ហេតុ​ការណ៍​នោះ បាន​បង្ក​ឲ្យ​មាន​ការ​រិះ​គន់​ទូ​ទាំង​សហរដ្ឋ​អាមេរិក រហូត​ដល់​ប្រទេស​​ផ្សេង​ៗ ក្នុង​​នោះ​​អត្ត​ពលិក​កីឡា​អាជីព ជាពិសេស​កីឡាករ​ស្បែក​ខ្មៅ​តែ​ម្ដង​។

សម្រាប់​ក្រប​ខ័ណ្ឌ​ Bundesliga របស់​ប្រទេស​អាល្លឺម៉ង់ គិត​ត្រឹម​សប្ដាហ៍​ទី​ ២៩ នេះ ឃើញថា​ក្រុម Bayern ឈរ​នៅ​ចំណាត់​លេខ ​១ មាន ៦៧​ ពិន្ទុ តាម​ពី​ក្រោយ​ដោយ Dortmund មាន ៦០ ពិន្ទុ ខណៈ​លេខ​ ៣ និង​លេខ​ ៤ គឺក្រុម Moenchengladbach ​​និង Leverkusen មាន ៥៦​ ពិន្ទុ​ដូច​គ្នា​ រី​ឯ​ក្រុម​បាតតារាង​ គឺ​ Werder Bremen (២៥ ពិន្ទុ) និង Paderborn (១៩ ពិន្ទុ​)៕