បើទោះបីអ្នកចាត់ការ Mikel Arteta ចង់ទុក Pierre-Emerick Aubameyang ប៉ុន្តែអតីតខ្សែប្រយុទ្ធ Jeremie Aliadiere ដែលឈ្នះពាន Premier League ជាមួយ Arsenal ឆ្នាំ២០០៤ បានអះអាងថា ក្រោយបរាជ័យយល់ព្រមលើលក្ខខណ្ឌថ្មី ខ្សែប្រយុទ្ធឆ្នើមរូបនេះនឹងចាកចេញ ចំណែកក្រុមកាំភ្លើងធំ ១០០% នឹងលក់អតីតកីឡាករ Dortmund ក្នុងរដូវក្ដៅខាងមុខ បើទោះតម្លៃខ្លួនធ្លាក់ទាបក៏ដោយ។
បុរសសញ្ជាតិអង់គ្លេស បានបញ្ជាក់ ៖«ពួកគេត្រូវលក់គាត់ ១០០%។ Arsenal មិនឱ្យបាត់បង់កីឡាករដោយគ្មានតម្លៃខ្លួនឡើយ។ និយាយដោយស្មោះ ខ្ញុំនៅតែមិនជឿទេថា កីឡាករកំពូលរបស់យើងដែលជាប្រធានក្រុម នៅសល់កុងត្រាតែមួយឆ្នាំទៀតនោះ”។
អតីតកីឡាករបាល់ទាត់វ័យ៣៧ឆ្នាំ យល់ឃើញថា បើនៅសល់កុងត្រា២ឆ្នាំ កាលពីរដូវក្ដៅមុន Aubameyang គួរត្រូវបានក្លឹបបន្តកុងត្រាថ្មីឬលក់ចេញ ពីព្រោះពេលកុងត្រានៅសល់តិច កីឡាករនឹងមានអារម្មណ៍ផ្សេង។
“បើខ្ញុំជា Aubameyang ហើយដឹងកុងត្រានៅសល់១ឆ្នាំទៀត ខ្ញុំនឹងលះបង់១ឆ្នាំទំនេរចោល ហើយទទួលបានលុយសំណងយ៉ាងច្រើន ហើយនឹងមានក្លឹបជាច្រើនលើពិភពលោកតាមចែចង់ខ្ញុំ។ អ្នកណាមិនទៅ?”។
Jeremie Aliadiere អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ
ហេតុនេះហើយ Aliadiere បង្ហាញទស្សនៈផ្ទាល់ខ្លួនថា បែបក្លឹបមានកំហុសផ្នែកគ្រប់គ្រង។ វាគួរត្រូវមានរយៈពេល២ឆ្នាំ ពួកគេមិនគួរបណ្ដោយឱ្យកីឡាករបញ្ចប់ដោយនៅសល់កុងត្រាមួយឆ្នាំទេ ជាពិសេសកីឡាករដូច Aubameyang។ វាមិនត្រឹមត្រូវឡើយ។
Aubameyang បានចូលរួមក្រុម Arsenal ពី Borussia Dortmund ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ៥៦លានផោន ជាកីឡាករហ្គាបុងថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈកុងត្រារបស់គេនឹងផុតនៅត្រឹមឆ្នាំ២០២១។ លេងឱ្យក្រុមកាំភ្លើងរដូវកាលមុន គេឈ្នះស្បែកជើងមាស នៅ Pream League រួមជាមួយ Sadio Mané និង Mohamed Salah បន្ទាប់ពីរកបាន ២២គ្រាប់។
គួរបញ្ជាក់ថាក្លឹបធំៗដូចជា Barcelona, Real Madrid និង Inter ត្រូវបានគេភ្ជាប់ថាចង់បានខ្សែប្រយុទ្ធ ដែលរកបានគ្រាប់បាល់ច្រើនបំផុតរបស់ Arsena រូបនេះដែរ ពោលគឺ ៦១គ្រាប់ក្នុងការបង្ហាញខ្លួន ៩៧លើក៕