La Liga ទទួល​បាន​ការ​​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​មាន​ការ​ប្រកាស​គូ​ត្រូវ​ប៉ះ​គ្នា

0
878

ក្រុម​អ្នក​មាន​បុណ្យ Barcelona (Barca) នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ ការពារ​ពាន​រង្វាន់​លីក​កំពូល​របស់​ប្រទេស​អេស្ប៉ាញ ​របស់​ខ្លួន ដោយ​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ក្រុម Real Mallorca នៅ​ថ្ងៃទី ​១៣ ខែ​មិថុនា ក្រោយ​ពី​ផ្អាក​រយៈពេល ​៣ ​ខែ ដោយសារ​ការ​រាត​ត្បាត​ពី​ជំងឺ​កូវីដ ​១៩ ខណៈ​ក្រុម​គូ​ប្រជែង​ស្លាប់​រស់ គឺ​អធិរាជស Real Madrid (Real) នឹង​បើក​ទ្វារ​កីឡដ្ឋាន Santiago Bernabeu របស់​ខ្លួន​ស្វាគមន៍​ក្រុម​ Eibar ១ ​ថ្ងៃ​បន្ទាប់​។ នេះ​បើ​តាម​អ្នក​គ្រប់គ្រង​ក្របខ័ណ្ឌ La Liga ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​​។

ការ​ប្រកាស​របស់​អ្នក​គ្រប់គ្រង​លីក​បាន​បង្ហើប​ថា រដូវ​កាល​នៃ​ក្របខ័ណ្ឌ​កំពូល​នេះ ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ ជាមួយ​នឹង​ការ​ជួប​គ្នា​រវាង​ក្រុម​ម្ចាស់​ផ្ទះ Sevilla និង​ក្រុម​ភ្ញៀវ Real Betis នៅ​ថ្ងៃទី ​១១ ខែ​មិថុនា ហើយ​ការ​កំណត់​គូ​ប្រកួត​នៅ ​៧ ​ថ្ងៃ​ក្រោយ គឺ Barca នឹង​ប្រកួត​ជាមួយ Leganes នៅ​ផ្ទះ​ខ្លួន​ឯង នា​ថ្ងៃ​ទី ​១៦ ខែ​មិថុនា ស្រប​ពេល​ក្រុម Real ចាំ​ទទួល​ការ​មក​សួរ​សុខ​ទុក្ខ​របស់​ក្រុម Valencia នៅ​ថ្ងៃ​ទី ​១៨ ខែ​មិថុនា​។​​

មិន​ខុស​ពី​ក្របខ័ណ្ឌ Bundesliga របស់​អាល្លឺម៉ង់ ដែល​នៅ​ដើម​ខែ​ឧសភា បាន​ក្លាយ​ជា​លីក​កំពូល​របស់​អឺរ៉ុប​ដំបូង​គេ ក្នុង​ការ​​ចាប់​ផ្ដើម​ឡើង​វិញ ក្រោយ​ត្រូវ​បាន​រំខាន ដោយការ​រាត​ត្បាត​នៃ​ជំងឺ​នេះ គឺ​ថា គ្រប់​ការ​ប្រកួត​នៃ​ក្របខ័ណ្ឌ La Liga ទាំង​អស់​ចាប់​ពី​ផ្ដើម​ឡើង​វិញ​រហូត​ដល់​បញ្ចប់​រដូវ​កាល​ នឹង​ត្រូវ​ធ្វើ​ឡើង ​ដោយ​អត់​មាន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​។​​​

មុន​ការ​ប្រកួត​ត្រូវ​​ផ្អាក​នៅ​ខែ​មីនា​​ ដោយ​សារ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា ក្រុម​អ្នក​មាន​បុណ្យ​​កំពុង​ឈរ​នៅ​​កំពូល​តារាង​ ដោយ​មាន ​៥៨ ​ពិន្ទុ​ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ ២៧ ​សប្ដាហ៍ ពោល​គឺ​នាំ​មុខ​ក្រុម​អធិរាជស ២ ពិន្ទុ​។​

ជាមួយ​គ្នា​នេះ ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​បាន​បញ្ចេញ​ព័ត៌មាន​នៃ​ការ​កំណត់​គូ​ប្រកួត​តែ ២ ​ជុំ​ដំបូង​​ប៉ុណ្ណោះ បើ​ទោះ​ជា​ប្រធាន​ La Liga លោក Javier Tebas អះអាង​ថា នឹង​មាន​ការ​ប្រកួត​រាល់​ថ្ងៃ នៅ​​​គ្រប់​អាទិត្យ រហូត​ដល់​រដូវ​កាល​នេះ ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​នៅ​ថ្ងៃទី ​១៩ ខែ​កក្កដា​។

លោក​ Tebas ក៏​ប្រាប់​លម្អិត​ដែរ ​ពី​ការ​រៀបចំ​ឲ្យ​មាន​ការ​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាត់បង់​ជីវិត ​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​​ថ្មី​នេះ ដោយ​ឲ្យ​អ្នក​គាំទ្រ​ថត​សំឡេង​​របស់​ពួក​គេ​ជាមួយ​នឹង​សំឡេង​ទះ​ដៃ​ក្នុង​ន័យ​គោរព​ដល់​ជន​រង​គ្រោះ​ទាំង​អស់ ហើយ​យក​ខ្សែ​អាត់​នោះ ទៅ​ចាក់​នៅ​ក្នុង​កីឡដ្ឋាន និង​មាន​ផ្សាយ​តាម​ទូរទស្សន៍​ផង​ដែរ នៅ​រៀង​រាល់​ការ​ប្រកួត​នីមួយៗ​។​

លោក​ប្រធាន​ Tebas បាន​​ថ្លែង​ទៅ​កាន់​​ទូរទស្សន៍ Movistar ថា​៖ «​អ្នក​គាំទ្រ​ទាំងឡាយ​ធ្វើ​ឲ្យ​បាល់​ទាត់​ពិសេស​ខ្លាំង​ណាស់ ហើយ​នៅ​ពេល​ពួក​គេ​មិន​អាច​ចូលរួម​​ក្នុង​កីឡដ្ឋាន​​បែប​នេះ យើង​ក៏​ចាប់​ផ្ដើម​ផ្ដួច​ផ្ដើម​ឲ្យ​មាន​គំនិត​នេះ​ឡើង ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​ចំណែក​រួម​ជាមួយ​នឹង​ការ​ចាប់​ផ្ដើម​ការ​ប្រកួត​ឡើង​វិញ ហើយ​និង​អាច​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​វីរបុស​ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩​»​។​​

លោក​ Tebas បាន​បន្ត​​ថា​៖ «​យើង​ចង់​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​មាន​អារម្មណ៍​ថា ពួក​គេ​នៅ​តែ​មិន​បាន​ឃ្លាត​ឆ្ងាយ​ពី​ក្លិប​របស់​ខ្លួន បើ​ទោះ​ជា​ពួក​គេ​បាន​មក​ចូល​រួម​ក្នុង​កីឡដ្ឋាន​ត្រឹម​តែ​សំឡេង​ក៏​ដោយ។ វិធី​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​កីឡាករ​ទាំង​អស់ បាន​ឮ​នូវ​សំឡេង​របស់​អ្នក​គាំទ្រ​របស់​ពួក​ខ្លួន​ផង​ដែរ ដែល​ផ្ញើ​មក​លើក​ទឹក​ចិត្ត អំឡុង​ពេល​អត់​មាន​វត្តមាន​នេះ»​។

ប្រសិន​​បើ​គ្រប់​យ៉ាង​ដូច​ការ​លើក​ឡើង​នេះ នោះ​លីក​កំពូល​របស់​ប្រទេស​អេស្ប៉ាញ​ កំពុង​ត្រៀម​​ក្លាយ​ជា​លីក​ទី​ ២​ នៃ​លីក​កំពូល​ទាំង​ ៥​ របស់​ទ្វីប​អឺរ៉ុប ដែល​ចាប់​ផ្ដើម​រដូវកាល​របស់​ខ្លួន​វិញ បន្ទាប់​ពី​ក្របខ័ណ្ឌ Bundesliga ដែល​ដំណើរការ​បាន​ ២-៣ ប្រកួត​ហើយ ខណៈ​ក្របខ័ណ្ឌ​ Premier League របស់​អង់គ្លេស គ្រោង​ផ្ដើម​វិញ នៅ​ថ្ងៃទី​ ១៧ ខែ​មិថុនា ហើយ​ Serie A របស់​អ៊ីតាលី ប្រុង​វិល​មក​ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃទី​ ២០ ខែ​មិថុនា​៕