Man City កំពុងបើកកិច្ចចរចាជាមួយ Barcelona ពិភាក្សាផ្ទេរយក Roberto មកកាន់ Premier League

0
735

យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្លិបមេឃខៀវ Manchester City បានធ្វើការទាក់ទងទៅក្លិប Barcelona ពិភាក្សាផ្ទេរយកខ្សែការពារស្លាបស្ដាំ Sergi Roberto។

Roberto ធ្លាប់ធ្វើការ ជាមួយគ្រូបង្គោលក្រុម Man City លោក Pep Guardiola ម្ដងរួចទៅហើយ កំឡុងឆ្នាំ២០១២។ ប៉ុន្តែកាលនោះខ្សែការពារវ័យ២៨ឆ្នាំ ត្រូវបានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ផ្ដល់ឱកាសឲ្យចូលលេងក្នុងក្រុមឈុតធំរបស់ Barcelona បាន៦ប្រកួតប៉ុណ្ណោះ។

ក្រោយពីលោក​Pep ចាកចេញពី Barca ទៅដឹកនាំក្រុម Bayern Munich កីឡាករ Roberto បានចាប់ផ្ដើមអភិវឌ្ឍន៍ក្លាយជាកីឡាករសំខាន់ម្នាក់ ក្នុងក្រុមយក្សតំបន់កាតាឡាន់ ដោយរូបគេ អាចលេងក្នុងតំណែងខ្សែបម្រើផង និងខ្សែការពារស្លាបផង។

យ៉ាងណាមិញ របាយការណ៍របស់កាសែត Mundo Deportivo បានបញ្ជាក់ថា លោក Pep មានបំណងចង់រួមការងារជាមួយ​ Roberto ម្ដងទៀតនៅកីឡដ្ឋាន Etihad។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបានបន្ថែមទៀតថាក្លិប Man City បានធ្វើការទាក់ទងទៅ Barcelona រួចរាល់ហើយ ជុំវិញការចរចាផ្ទេរយកម្ចាស់អាវលេខ២០រូបនេះ នៅពេលទីផ្សារដោះដូរ រដូវក្ដៅបើកទ្វារ។

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Roberto បង្ហាញខ្លួនឲ្យក្លិបជើងឯក La Liga ២៦សម័យ បានចំនួន២៩ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូន​បាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង៕