យោងតាមរបាយការណ៍របស់កាសែត The Sun បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមបិសាចក្រហម លោក Ole Gunnar Solskjaer នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមចំនួន១លានផោន (ឬប្រមាណ១,២លានដុល្លារ) ប្រសិនបើលោក អាចដឹកនាំក្រុម Manchester United បញ្ចប់រដូវកាលទៅ ក្នុងចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង៤ (Top 4) ទទួលបានកៅអីទៅលេងនៅក្របខណ្ឌ Champions League រដូវកាលក្រោយ។
បើមើលទៅលើតារាង ក្របខណ្ឌ Premier League បច្ចុប្បន្ន Man UTD កំពុងប្រដេញពីក្រោយក្រុមលេខ៤ តោខៀវ Chelsea តែ៣ពិន្ទុប៉ុណ្ណោះ និងមានគម្លាតចំនួន ៨ពិន្ទុ ពីក្រុមលេខ៣ Leicester City។
គួរឲ្យដឹងដែរថា លីគកំពូលអង់គ្លេសនឹងវិលត្រឡប់មកវិញ នៅថ្ងៃទី១៨សប្ដាហ៍ក្រោយនេះ ខណៈក្លិបរហស្សនាមបិសាចក្រហម នឹងបន្តដំណើរក្នុងក្របខណ្ឌ Premier League របស់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ដោយត្រូវទៅតទល់ជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅកីឡដ្ឋាន White Hart Lane។
យ៉ាងណាមិញ Man UTD នៅសល់ការប្រកួតក្នុងលីគកំពូលអង់គ្លេស ចំនួន៩ទៀត ក្នុងដៃដើម្បីសម្រេចជោគវាសនា របស់ខ្លួន ក្នុងការវិលត្រឡប់ទៅប្រឡូកក្នុងព្រឹត្តិការណ៍ Champions League វិញ៕