Bayern រីករាយ​ ប៉ុន្តែ Paderborn កើត​ទុក្ខ

0
768

ទីបំផុត​ជើងឯក​នៃ​ក្របខ័ណ្ឌ Bundesliga របស់​ប្រទេស​អាល្លឺម៉ង់ ត្រូវ​បាន​រក​ឃើញ​ហើយ គឺ​ក្រុម​​ Bayern Munich ក្រោយ​ម្ចាស់​ជើងឯក​ចាស់​មួយ​នេះ បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ Werder Bremen ១-០ អំឡុង​ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​អង្គារ ហើយ​ខណៈ​ក្រុម ​១​ កំពុង​រីករាយ​​នឹង​ការ​លើក​ពាន ក្រុម ​១ ​ទៀត គឺ​​ Paderborn កំពុង​កើត​ទុក្ខ​ដោយសារ​មិន​អាច​បន្ត​ជីវិត​រស់​នៅ​លីក​កំពូល​នេះ​បាន​ទៀត​ទេ។

ការ​ស៊ុត​បាល់​ក្នុង​លម្ហ (volley) យ៉ាង​ស្អាត​បាន​សម្រេច ១ ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ Robert Lewandowski នៅ​នាទីទី ​៤៣ គ្រប់គ្រាន់​ជួយ​ឲ្យ​ក្រុម Bayern ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​លីក​ទី​១ នេះ ៨ រដូវកាល​ជាប់​ៗ​គ្នា បើ​ទោះ​ជា​ការ​ប្រកួត​នៅ​សល់ ២ ​ដង​ទៀត ទើប​បញ្ចប់​ជា​ស្ថាពរ​ក៏​ដោយ ព្រោះ​ថា ៣​ ពិន្ទុ ដែល​បាន​ពី​ការ​ប្រកួត​នេះ​ នាំ​ឲ្យ​ពួក​គេ​នាំ​មុខ​ដាច់ ១០ ​ពិន្ទុ លើ​ក្រុម​លេខ ​២ Borussia Dortmund ដែល​ប្រកួត​តិច​ជាង​ ១​លើក ហើយ​បើ​ទោះ​ជា​ក្រុម​គូ​ប្រជែង​ពាន​នេះ លេង​​ឈ្នះ ឬ​ចាញ់​ ក៏​តាម​ពិន្ទុ​មិន​ទាន់​ដែរ​។

គ្រូ​បង្វឹក លោក Hansi Flick ដែល​ឈ្នះ​ពាន​ជាមួយ ក្រុម Bayern នៅ​រដូវកាល​ដំបូង​របស់​ខ្លួន​និយាយ​​ថា​៖ «គ្រប់​យ៉ាង​បរិបូរណ៍​​សម្រាប់​ក្រុម វា​ជា​រឿង​អស្ចារ្យ ដែល​យើង​សម្រេច​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ ថ្ងៃ​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​រិះគន់​ឡើយ អ្នក​ត្រូវ​តែ​មើល​ឲ្យ​ឃើញ​ពី​វិធី ដែល​កីឡាករ​ទាំង​អស់​ធ្វើ​បាន​នៅ​លើ​ទីលាន។ កីឡាករ និង​គ្រូបង្វឹក គ្រាន់​តែ​បាន​រួម​គ្នា​ជា​ធ្លុង​មួយ​»​។​

ដោយ​ឡែក​ក្រុម​បាត​តារាង​ Paderborn ត្រូវ​ធ្លាក់​ទៅ​លេង​លីក​លំដាប់​ទី​២ ហើយ ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់​ផ្ទះ Union Berlin ១-០ ព្រោះ​ថា ​បើ​ទោះ​ជា​ឈ្នះ ២ ប្រកួត​ចុង​ក្រោយ​ក៏​ដោយ ក៏​មិន​អាច​មាន​ពិន្ទុ​ឡើង​ផុត​ទៅ​ដល់​ចំណាត់​ថ្នាក់​សុវត្ថិភាព​ដែរ ដោយសារ ​៣២ ​សប្ដាហ៍​កន្លង​ទៅ មាន​តែ ២០ ​ពិន្ទុ​ ខណៈ​ក្រុម​នៅ​ពី​លើ​ខ្លួន​មាន​​ពី ២៨ ​ពិន្ទុ​ឡើង​ទៅ​។

ក្រោយ​ក្រុម​ខ្លួន​មិន​អាច​បង្ហាញ​វត្តមាន​នៅ​ក្របខ័ណ្ឌ Bundesliga បន្ត​ទៀត​បាន​ប្រធាន​ក្រុម Paderborn កីឡាករ Christian Strohdiek បាន​និយាយ​ថា​៖ «​នៅ​ពេល​ការ​ខក​ចិត្ត​រសាយ​បាត់​បន្តិច​ម្ដង​ៗ យើង​នឹង​ចាប់​ផ្ដើម​មាន​មោទនភាព​នូវ​អ្វី​ដែល​ពួក​យើង​សម្រេច​បាន​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ»​។

បើទោះ​ជា​ នៅ​សល់​ការ​ប្រកួត ២​ ដង ទើប​ចប់រដូវ​កាល​របស់​ខ្លួន​ក៏​ដោយ​ក៏​អាច​ចាត់​ទុក​បាន​ថា ក្រប​ខ័ណ្ឌ Bundesliga របស់​អាល្លឺម៉ង់ គឺ​លីក​កំពូល​ដំបូង​គេ នៅ​អឺរ៉ុបដែល​ចាប់​ផ្ដើម​ដំណើរការ​ឡើង​វិញ ក្រោយ​ផ្អាក​ដោយសារ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​ ១៩ ទទួល​បាន​ជោគ​ជ័យ​ទាំង​ស្រុង​​ហើយ​ ក្រោយ​រក​ឃើញ​ក្រុម​ជើង​ឯកនេះ​ ខណៈ​ដែល​អ្វី​នៅ​សល់ គឺ​ការ​ប្រជែង​គ្នា​របស់​ក្រុមដែល​ចង់​បាន​កៅ​អី​​ទៅលេង​ក្រប​ខ័ណ្ឌ​អឺរ៉ុប និង​ក្រុម​ដែល​ចង់​គេច​​ពីការ​ត្រូវ​បាន​កាត់​ចោល​ប៉ុណ្ណោះ​៕​