ខ្សែបម្រើស្លាប ២ រូប គឺ Willian និង Pedro បានព្រមព្រៀងបន្តកិច្ចសន្យាជាមួយក្លិបតោខៀវ Chelsea ដល់យុទ្ធនាការនៃរដូវកាលនេះ បញ្ចប់សព្វគ្រប់។ នេះបើតាមការប្រកាសឲ្យដឹងពីសំណាក់ក្លិបនៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារម្សិលមិញ។
ទាំងកីឡាករប្រេស៊ីល Willian និងកីឡាករអេស្ប៉ាញ Pedro អាចដើរចេញពីក្លិបតោខៀវបាន នៅថ្ងៃទី ៣០ ខែមិថុនា នេះ ព្រោះកិច្ចសន្យាចាស់របស់ពួកគេត្រូវអស់សុពលភាព តែពេលនេះពួកគេទាំង ២ នាក់ បានសម្រេចចិត្តនៅជួយគ្រូបង្វឹក លោក Frank Lampard រហូតដល់ការប្រកួតប្រជែង ត្រូវបានបញ្ចប់ទាំងស្រុងតែម្ដង។
«ដោយសារវិបត្តិជាសកល និងការបញ្ចប់រដូវកាល ដែលត្រូវបានពន្យារបន្តបន្ទាប់ ក្លិបនៅក្របខ័ណ្ឌ Premier League ទាំងអស់ បានព្រមព្រៀងគ្នាជាឯកច្ឆន្ទអនុញ្ញាតិឲ្យមានការបន្តកិច្ចសន្យារយៈពេលខ្លីជាមួយកីឡាករទាំងឡាយណា ដែលកុងត្រារបស់ពួកគេ នឹងផុតនៅដំណាច់ខែនេះ»។ នេះជាការប្រកាសប្រាប់ពីសំណាក់ក្លិប Chelsea កាលពីថ្ងៃអង្គារ។
សេចក្ដីប្រកាសរបស់ក្លិប ដែលមានទីតាំងនៅក្រុងឡុងដ៍មួយនេះ បានបន្តទៀតថា៖ «កីឡាករ Willian និង Pedro ស្ថិតនៅក្នុងចំណោមកីឡាករដែលជិតផុតកុងត្រាហ្នឹងដែរ តែពេលនេះ ក្លិប និងអ្នកទាំង ២ បានយល់ព្រមជាមួយគ្នាបន្តកិច្ចសន្យារហូតដល់បញ្ចប់រដូវកាលនេះទាំងស្រុង។ នេះមានន័យថា ពួកគេនឹងមានវត្តមានសម្រាប់ការប្រកួតដែលនៅសល់នៃក្របខ័ណ្ឌ Premier League ឆ្នាំ ២០១៩-២០២០ ក៏ដូចការប្រកួតពាន FA Cup និង Champions League ផងដែរ»។
Willian បានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ក្រុម Chelsea រដូវកាលនេះ ខណៈ Pedro ភាគច្រើនជាកីឡាករបម្រុង។ បច្ចុប្បន្ន ក្រុម Chelsea កំពុងឈរលេខ៤ ក្នុងតារាងពិន្ទុលីកកំពូលរបស់ប្រទេសអង់គ្លេស ខណៈក្នុងកម្មវិធីប្រកួតដណ្ដើមពានមួយទៀត គឺ FA Cup ត្រូវប៉ះជាមួយ Leicester ក្នុងវគ្គ ៨ ក្រុមចុងក្រោយ នៅថ្ងៃអាទិត្យ ហើយនៅក្របខ័ណ្ឌអឺរ៉ុប Champions League ក៏ត្រូវទៅប្រឈមជាមួយ Bayern Munich ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដែលកាលពីជើងទី១ ប្រកួតចាញ់ក្រុមរបស់អាល្លឺម៉ង់មួយនេះ ៣-០៕