Rakitic ជួយ​ឲ្យ Barca ឈ្នះ​ទាំង​ប៉ផុត​ប៉ផើយ ឡើង​ទៅ​កំពូលតារាង​បណ្ដោះ​អាសន្ន

0
550

ខ្សែ​បម្រើ Ivan Rakitic បាន​ងើប​ចេញ​ពី​កៅ​អី​បម្រុងដើរចូល​ទី​លាន​ជំនួសមិត្ត​​ក្រុម​ Sergio Busquets តែ​ ៧​ នាទី​ ក៏មាន​ឱកាស​ស៊ុត​បញ្ចូល​ទី ១​ គ្រាប់ ដែល​ជា​គ្រាប់​ដ៏​សំខាន់​ជួយ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ឈ្នះ​​ Athletic Bilbao ទាំង​ប្រកៀក​ប្រកិត ១-០ នៅផ្ទះ​ខ្លួន​ឯង អំឡុង​ការ​ប្រកួតកាល​ពី​យប់​ថ្ងៃ​អង្គារ ហើយ​ជ័យ​ជម្នះ​នេះ ជួយ​ឲ្យ​គេច​ផុត​ពីការ​លេង​ស្មើ ​២​លើក​ជាប់​ៗ​គ្នា ដែល​នាំ​ក្រុម​បាត់​ពិន្ទុ​បន្ថែម​ទៀត ក្នុង​ការ​ការ​ពារ​តំណែង​ជើង​ឯក​ក្រប​ខ័ណ្ឌ La Liga ​របស់​ខ្លួន​។​

ក្រុម​ Barca បាន​ធ្លាក់​ពី​ទីកំពូល​តារាង​មក​លំដាប់​ទី ២ ក្រោយ​ប្រកួត​ត្រឹម​ស្មើ​ជាមួយក្រុម​ម្ចាស់​ផ្ទះ Sevilla កាល​ពី​ថ្ងៃ​សុក្រ ហើយការ​​ប្រកួត​នៅ​កីឡដ្ឋាន Camp Nou ដែល​អត់មាន​អ្នក​គាំទ្រ ជាមួយ​ក្រុម Bilbao នេះ ក៏​ហាក់​ដូចជា​មើល​ទៅ​ពិបាក​នឹង​យក​ ៣ ​ពិន្ទុបានណាស់ បើ​ទោះ​ជា​នៅ​តំបន់​ប្រយុទ្ធ​មាន​សុទ្ធ​តែ​កីឡាករ​ឆ្នើមៗ​ ៣ ​នាក់​ ដូចជា​ Lionel Messi, Luis Suarez និង Antoine Griezmann ក៏​ដោយ​។​

តែ​ចុង​ក្រោយ​ នៅ​នាទីទី ​៧១ ពេល​កីឡាករ​អាហ្សង់​ទីន Messi ស៊ុត​បាល់​ប៉ះ​ខ្សែ​ការ​ពារ​របស់ក្រុម​គូ​បដិបក្ខ ហើយ​កីឡាករ​ក្រូអាស៊ី Rakitic ក៏​រត់​ទៅ​ឆាប​យក​បាល់​ស៊ុត​ផុត​ដៃ​អ្នក​ចាំ​ទី Unai Simon ទម្លុះ​សំណាញ់​ទី​បាន​​យ៉ាង​ល្អ ដែល​វា​ជាគ្រាប់​បាល់​ដ៏​សំខាន់​ ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ត្រឡប់​ឡើង​ទៅ​ទី​កំពូល​តារាង​បណ្ដោះ​អាសន្នសិន ដោយមាន ​៦៨ ​ពិន្ទុ​​ ស្រប​ពេល​ក្រុម​គូ​ប្រជែង​របស់​ខ្លួន Real Madrid ដែល​មាន​ ៦៥ ​ពិន្ទុ ត្រូវ​ធ្វើ​ការ​ប្រកួត​នា​យប់​នេះ​​។

ក្រោយ​ពី​អាច​រក​គ្រាប់​បាល់​ជួយក្រុម​ឈ្នះពីការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​នេះ កីឡាករ​ Rakitic បាន​និយាយ​ថា​៖ «​វា​ពិត​ជា​តឹង​តែង​មែន​ទែន​សម្រាប់​ពួក​យើង ក្នុងការ​គ្រប់​ការ​ប្រកួត​នេះ ក្រុម Bilbao គឺ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​មួយ ដែល​មិន​ងាយ​ឲ្យពួក​យើង​ឈ្នះ​ស្រួលៗ​នោះឡើយ តែ​ខ្ញុំ​សប្បាយ​ចិត្ត ដែល​អាច​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​​នៃ​រដូវកាល​នេះ​បាន»​។​

ជា​មួយ​គ្នា​នេះ ពាក់​ព័ន្ធ​នឹង​ការ​មិន​សូវមាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន​រដូវកាល​នេះ កីឡាករ​វ័យ ៣២​ ឆ្នាំ បាន​និយាយ​ថា​៖ «​ការ​រង់​ចាំ​ដល់​ទៅ​សប្ដាហ៍​ទី ​៣១ នៃ​ការ​ប្រកួត​ក្នុង​លីក គឺ​​ជា​​យូរ​ណាស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ខឹង​សម្បា ដែល​វា​ប្រើ​ពេលយូរ​យ៉ាង​នេះ តែ​ខ្ញុំ​រីក​រាយ​ ដែល​ទី​បំផុតអាច​ជួយ​ក្រុម​បាន​វិញ​ហើយ​»​។​

សម្រាប់​ក្លិប​នៅ​តំបន់​កាតាឡាន់​ Barca ពេល​ធ្វើ​ដំណើរទៅប្រកួត​ជាមួយក្រុម​ម្ចាស់​ផ្ទះ Celta Vigo នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​​ នឹង​គ្មាន​វត្តមាន​ខ្សែ​បម្រើ​ល្អ ២ ​រូប គឺកីឡាករអន្តរ​ជាតិ​អេស្ប៉ាញ Busquets ដែល​ជាប់​ពិន័យ និង​​កីឡាករ​សញ្ជាតិ​ហូឡង់​​ Frenkie de Jong ដែល​កំពុង​មាន​របួស៕