ហង្សក្រហម Liverpool គឺជាក្លិបដែលចំណាយច្រើនជាងក្រុមណាទាំងអស់ នៅក្របខ័ណ្ឌ Premier League ទៅឲ្យភ្នាក់ងាររបស់កីឡាកររយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមលទ្ធផលបូកសរុប ដែលចេញផ្សាយដោយសហព័ន្ធបាល់ទាត់អង់គ្លេស FA កាលពីថ្ងៃពុធ។
របាយការណ៍ចុងក្រោយរបស់ FA នេះ គឺបូកបញ្ចូលគ្នាទាំងទីផ្សារដោះដូរកីឡាកររដូវក្ដៅ ឆ្នាំ ២០១៩ និងអំឡុងការផ្លាស់ប្ដូរកីឡាករ នៅខែមករា ឆ្នាំ២០២០ ដោយទាំង២ដងនោះ ក្រុមដែលកំពុងមានពិន្ទុនាំមុខគេ Liverpool បានចំណាយ ៣០,៣ លានផោន ($៣៧,៦លាន) ទៅឲ្យភ្នាក់ងាររបស់កីឡាករ។
កិច្ចសន្យាដ៏ធំរបស់ក្រុមហង្សក្រហម ជុំវិញការចំណាយនោះ គឺការចុះហត្ថលេខាយកខ្សែបម្រើស្លាបសញ្ជាតិជប៉ុន Takumi Minamino ពីក្រុម Salzburg ក្នុងតម្លៃ ៧,២ លានផោន (ជិត $៩ លាន) កាលពីខែមករា តែយ៉ាងណាការបង់ថ្លៃឲ្យភ្នាក់ងារជាសរុប គឺតិចជាង ៤៤ លានផោន (ជាង ៥៤ លានដុល្លារ) ដែលក្រុមមានរហស្សនាមថា The Reds នេះ បានចំណាយកាលពីឆ្នាំមុនៗ។
ក្លិបដែលបានចំណាយប្រាក់ឲ្យទៅភ្នាក់ងារកីឡាករច្រើនជាង នៅទីកំពូលទាំង ៤ រួមមានក្រុម Liverpool, Manchester City ២៩ លានផោន (ជាង ៣៦ លានដុល្លារ), Manchester United ២៧,៦ លានផោន (ជាង ៣៤ លានដុល្លារ) និង Chelsea ២៦,២ លានផោន (ជាង ៣២ លានដុល្លារ)។
ចំណែកក្រុម Burnley គឺចំណាយទាបជាងគេបំផុត ក្នុងចំណោមក្លិបទាំង ២០ នៅក្របខ័ណ្ឌកំពូល Premier League ដោយប្រើប្រាស់ទឹកប្រាក់ត្រឹមតែ ៣,៩ លានផោន (ជិត ៥លានដុល្លារ)៕