ហង្ស​កៀក​ជើងឯក ឯ​បិសាច​ក្បែរ​ Top 4​

0
607

ក្រុម​ហង្ស​ក្រហម Liverpool កាន់​តែ​កៀក​នឹង​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ Premier League មែន​ទែន​ហើយ ក្រោយ​ក្រុម​កំពូល​តារាង​មួយ​នេះ បំបាក់​ក្រុម Crystal Palace ៤-០ ​អំឡុង​ការ​ប្រកួត​នៅ​ផ្ទះ​ខ្លួន​ឯង កាល​ពី​យប់​ថ្ងៃ​ពុធ ខណៈ​ថ្ងៃ​ជាមួយ​គ្នា​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​បារាំង Anthony Martial ធ្វើ​បាន​ហ៊ែតទ្រីក (hat-trick) ពេល​ក្រុម​បិសាច​ក្រហម​ Manchester United ឈ្នះ​ក្រុម​ភ្ញៀវ Sheffield United ៣-០​។

សម្រាប់​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ដោយ​បិទទ្វារ​កីឡដ្ឋាន​ Anfield ក្រុម Liverpool របស់​លោក Jurgen Klopp ចាប់​ផ្ដើម​មាន​ប្រៀប​កាន់​តែ​ខ្លាំង ដោយសារ​គ្រាប់​បាល់​នៅវគ្គ​ទី ​១ របស់​ខ្សែ​ការ​ពារ Alexander-Arnold នាទីទី ២៣ និង​ខ្សែ​ប្រយុទ្ធ Mohamed Salah នាទីទី ៤៤ ខណៈ​គ្រាប់​បាល់ ក្នុង​តង់​ទី ២ ដែល​ស៊ុត​ដោយ​ខ្សែ​បម្រើ Fabinho នាទីទី ​៥៥ និង​ខ្សែ​ប្រយុទ្ធ Sadio Mane នាទីទី ៦៩ បាន​ធ្វើ​ក្រុម​ហង្ស​ក្រហម​ស្ទើរ​តែ​ក្លាយ​ជា​ជើងឯក​នៅ​​លីក​កំពូល​របស់​ប្រទេស​អង់គ្លេស ​រដូវកាល​នេះ​​ស្រេច​បាច់​​​ទៅ​ហើយ​។

ការ​ដណ្ដើម​បាន​ ៣ ​ពិន្ទុ ក្នុង​សប្ដាហ៍​ទី ​៣១ ​​នេះ ធ្វើ​ក្រុម​ Liverpool នាំ​មុខ​ដាច់​លើ​ក្រុម​លេខ ​២ Manchester City ២៣ ​ពិន្ទុ ហើយ​បើ​ក្រុម​ជើងឯក​ចាស់ មិន​អាច​យក​ឈ្នះ​ក្រុម Chelsea ក្នុង​ជំនួប​នៅ​ឯ​​កីឡដ្ឋាន Stamford Bridge បាន​ទេ​នោះ អ៊ីចឹង ​ពាន​រង្វាន់​ក្រប​ខ័ណ្ឌ Premier League ជា​របស់​​ក្រុម Liverpool ហើយ។ តែ​បើ​ក្រុម​ Man City អាច​ទៅ​យក​ជ័យ​ជម្នះ​លើ​ក្រុម​នៅ​ភាគ​ខាង​លិច​ក្រុង​ឡុងដ៍​បាន បាន​ន័យ​ថា​ តំណែង​ជើង​ឯក​នេះ ត្រូវ​ចាំ​មើល​ការ​ប៉ះ​គ្នា​រវាង​ក្រុម​លេខ ១ និង​លេខ ​២ នៅ​កីឡដ្ឋាន Etihad នា​ថ្ងៃ​ទី ​២ ខែ​កក្កដា​។

លោក​ Klopp ដែល​កំពុង​​ជិត​ក្លាយ​ជា​គ្រូ​បង្វឹក​ដំបូង​គេ ជួយ​ឲ្យ​ក្រុម Liverpool លើក​ពាន​លីក​កំពូល​អង់គ្លេស ក្នុង​រយៈពេល ៣០ ​ឆ្នាំ​ ​និយាយ​ថា​៖ «​សាក​​ស្រមៃ​លមើល បើ​សិន​ជា​កីឡដ្ឋាន​អាច​មាន​មនុស្ស​ពេញ ហើយ​អ្នក​ទាំង​អស់​នោះ អាច​ទទួល​បាន​នូវ​រសជាតិ​ជីវិត​បែប​នេះ។ វា​នឹង​កា្លយ​ទៅ​រឿង​អស្ចារ្យ​មែន​ទែន​។ បរិយាកាស​នៅ​លើ​ទីលាន ពិត​ជា​ពិសេស​ណាស់។ វា​ជា​ការ​ប្រកួត ដែល​គាប​សង្កត់​បាន​ល្អ​បំផុត ពេល​លេង​ដោយ​​បិទ​ទ្វារ​បែប​នេះ​។ ពួក​គេ​ធ្វើ​បាន​ល្អ​មែន​ទែន​»​។​

ដោយ​ឡែក ក្រុម Man United ពិត​មែន​តែ​មិន​ប្រកួត​ ដើម្បី​ប្រជែង​ជើង​ឯក តែ​ក្រុម​ដែល​ដឹកនាំ​ដោយ​​លោក​ Ole Gunnar Solskjaer មួយ​នេះ នៅ​ត្រូវ​ការ​ចំណាត់​ថ្នាក់​សម្រាប់​ក្របខ័ណ្ឌ​អឺរ៉ុប ហើយ​ពួក​គេ​ក៏​បាន​បង្ហាញ​ថា មាន​សិទ្ធិ​ខ្ពស់​ក្នុង​ការ​ដណ្ដើម​តំណែង ១ ក្នុង​ចំណោម​ក្រុម​កំពូល​ទាំង ​៤ (Top4) បាន​សម្រេច ក្រោយ​យក​ឈ្នះ​ក្រុម Sheffield United ៣-០ នៅ​ទឹក​ដី​​​ ​ Old Trafford។

យ៉ាង​ណា ៣ គ្រាប់ ដែល​នាំ​​ឲ្យ​ក្រុម​បិសាច​ក្រហម​ មិន​​ស្គាល់​បរាជ័យ​រហូត​ដល់ ១៣ ​លើក​នេះ ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ Martial នៅ​នាទីទី ​៧, ៤៤ និង ​៧៤ ហើយ​ជោគជ័យ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម Man United តាម​ពី​ក្រោយ​ក្រុម​លេខ ៤ Chelsea ២ ​ពិន្ទុ។

លោក​ Solskjaer ​ចូល​រួម​ត្រេក​អរ​នឹង​កីឡាករ Martial ដោយ​និយាយ​ថា​៖ «សុំ​រីករាយ​ជាមួយ Martial ផង​។ គ្រាប់​ទី ៣ គឺ​អស្ចារ្យ តែ​ខ្ញុំ​ពេញ​ចិត្ត​គ្រាប់​ទី ​២ ជាង​។ គាត់់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ប្រអប់។ យើង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ស្ថានភាព​បែប​ហ្នឹង​ញឹក​ញាប់។ ដោយ​ជាក់​ស្ដែង​​ក្រុម​យើង​ស័ក្តិសម​ឈ្នះ​»​៕