Bayern បិទ​រដូវកាល​ជាមួយ​នឹង​ជ័យ​ជម្នះ​ត្រចះ​ត្រចង់

0
685

ក្រុម Bayern Munich ដែល​ក្លាយ​ជា​ជើងឯក​ក្របខ័ណ្ឌ Bundesliga រួច​ហើយ តាំង​ពី​សប្ដាហ៍​មុន​នោះ បាន​ធ្វើ​ពិធី​អបអរ​លើក​ពាន​រង្វាន់​នេះ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ក្នុង​កីឡដ្ឋាន​ដែល​អត់​មាន​អ្នក​គាំទ្រ​មក​ចូលរួម ក្រោយ​បញ្ចប់​ការ​ប្រកួត​ចុង​ក្រោយ​នៃ​រដូវកាល ដោយ​ការ​​បំបាក់​ក្រុម​​ម្ចាស់​ផ្ទះ Wolfsburg ៤-០​។

សម្រាប់​ការ​ប្រកួត​បិទ​រដូវកាល​​នេះ ក្រុម Bayern បើ​ទោះ​​​គ្រង​ជើងឯក​ទៅ​ហើយ​ក្ដី ក៏​មិន​បន្ធូរ​ជើង​ឲ្យ​ក្រុម​គូ​ប្រជែង​​ដែរ ពោល​គឺ​លេង​ដូច​ត្រូវ​ការ​ពិន្ទុ​ចាំបាច់​អ៊ីចឹង ដោយ​ត្រឹម​តែ ៤ ​នាទី​ប៉ុណ្ណោះ ខ្សែ​បម្រើ​សញ្ជាតិ​បារាំង Kingsley Coman ​ជួយ​ឲ្យ​ក្រុម​ខ្លួន​នាំ​មុខ​បាត់​ទៅ​ហើយ​ ខណៈ ៨ នាទី មុន​ចប់​វគ្គ​ទី ​១ ពោល​គឺ​នាទីទី ​៣៧ ខ្សែ​បម្រើ​ Mickael Cuisance ​បន្ថែម​ការ​នាំ​មុខ ១ គ្រាប់​ទៀត។

វគ្គ​ទី ​២ ក្រុម Bayern ទទួល​បាន​​បាល់​ពិន័យ ១១ ម៉ែត្រ ហើយ​​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski ដែល​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ (top scorer) ក៏​​ធ្វើ​បាន​សម្រេច​គ្រាប់​ទី ​៣៤​ ដូច្នេះ រូប​គេ ក៏​បញ្ចប់​រដូវកាល​ជាមួយ​នឹង​​ពាន​អ្នក​ស៊ុត​បញ្ចូល​ទី​​បាន​ច្រើន​ជាង​គេ​ជា​លើក​ទី ​៥ នៅ​Bundesliga និង​ជាលើក​ទី ​៣ ជាប់ៗ​គ្នា​។ នាទីទី ​៧៩ កីឡាករ Mueller បង្ហើយ​គ្រាប់​ជ័យ​ជម្នះ​ចុង​ក្រោយ​ឲ្យ​ក្រុម​ឈ្នះ ៤-០។

ទោះ​ជា​រដូវកាល​បាន​បញ្ចប់​​ទៅ​ទាំង​ស្រុង​ ក្រោយ​ពី​បាន​ចាប់​ផ្ដើម​វិញ បន្ទាប់​ពី​ផ្អាក​ជាង ២ ​ខែ ដោយសារ​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូ​ណា ក៏​ការ​អបអរ​សម្រាប់​ក្រុម​ជើងឯក​នៃ​លីក​កំពូល​របស់​ប្រទេស​អាល្លឺម៉ង់ ​មួយ​នេះ មិន​បាន​ធ្វើ​ដូច​​រដូវកាល​មុនៗ​ឡើយ ពោល​គឺ​ប្រព្រឹត្ត​ទៅ​យ៉ាង​ប្លែក ដោយ​ក្រុម​ម្ចាស់​ជើងឯក ត្រូវ​ឆ្លង​ពិធី​លើក​ពាន​រង្វាន់​របស់​ខ្លួន​ក្នុង​កីឡដ្ឋាន​ដែល​ទទេ​ស្អាត ដោយ​គ្មាន​ក្រុម​គ្រួសារ អ្នក​គាំ​ទ្រ ឬ​មិត្តភក្ដិ ចូលរួម​ឡើយ​។

នាយក​ប្រតិបត្តិ​នៃ​លីក​​បាល់ទាត់​អាល្លឺម៉ង់ លោក Christian Seifert បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មុន​ពិធី​ប្រគល់​ពាន​រង្វាន់​នោះ​ថា​៖ «​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ពិសេស និង​ប្លែក​មួយ។ យើង​មិន​ធ្លាប់​ឆ្លង​កាត់​ការ​បញ្ចប់​រដូវកាល​បែប​នេះ​ពី​មុន​មក​​ឡើយ។ អត់​មាន​អ្នក​គាំទ្រ គ្មាន​សំឡេង​កញ្ចែ គ្មាន​សំឡេង​អបអរ​សាទរ​។ នេះ​មិន​មែន​ជា​ Bundesliga ដែល​យើង​ចង់​បាន​នោះ​ឡើយ តែ​មាន Bundesliga តែ​មួយ​គត់ ដែល​អាច​ធ្វើ​ការ​ប្រកួត​ ក្នុង​ស្ថានភាព​បែប​នេះ​បាន​​»​។

សម្រាប់​ក្របខ័ណ្ឌ Bundesliga ក្រោយ​ក្រុម​ទាំង​ ១៨ បាន​បញ្ចប់​ការ​ប្រកួត​គ្រប់​ទាំង​ ៣៤ ​សប្ដាហ៍​របស់​ខ្លួន​ឃើញ​ថា ក្រុម​ជើងឯក គឺ​ Bayern Munich​ ខណៈ​ Borussia Dortmund ជា​ក្រុម​​រង​ជើងឯក​ ហើយ​ក្រុម​លេខ ៣ និង​លេខ​ ៤ គឺ RB Leipzig និង Borussia Monchengladbach រីឯ​ក្រុម​ត្រូវ​កាត់​ឲ្យ​ទៅ​លេង​លីក​ទី​ ២ រដូវកាល​ក្រោយ​ មាន​ ២ ​ក្រុម​ត្រូវ​ធ្លាក់​ស្វ័យ​ប្រវត្តិ​ គឺ​​​ Dusseldorf និង Paderborn ខណៈ​ក្រុម Bremen ត្រូវ​រង់ចាំ​ប្រកួត​កាត់​ក្ដី​ (Playoff) ជាមួយ​​​​ក្រុម​លេខ​ ៣ នៅ Bundesliga 2 ដើម្បី​សម្រេច​​ថា​ ក្រុម​ណា​នឹង​មាន​សិទ្ធិ​បង្ហាញ​វត្តមាន​​នៅ​លីក​កំពូល៕