ក្រុម Manchester United នឹងត្រូវតតាំងជាមួយ Chelsea ខណៈ Arsenal ប៉ះម្ចាស់ការពារតំណែងជើងឯក Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ឆ្នាំ២០២០។ ទាំង៤ក្រុមសុទ្ធសឹងជាក្រុមជោគជ័យសម្រាប់ពាន FA Cup នេះ ដោយ Arsenal ឈ្នះច្រើនជាងគេដល់១៣លើក។
ក្រុមបិសាចក្រហម ឡើងទៅដល់វគ្គនេះ បន្ទាប់ពួកគេបានទម្លាក់ Norwich City ដោយលទ្ធផល ២-១ នាការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅយប់ថ្ងៃទី២៧ ខែមិថុនា។ ដោយឡែក តោខៀវ តាមរយៈការយកឈ្នះម្ចាស់ផ្ទះ Leiceser City ១-០ បាននាំឲ្យពួកគេបានកៅអីវគ្គ១/២ផ្តាច់ព្រ័ត្រនេះ ហើយចាប់ឆ្នោតប៉ះក្រុម Man Utd។
កាំភ្លើងធំ ដែលជាក្រុមជោគជ័យបំផុតសម្រាប់ពានរង្វាន់លំដាប់ទីពីរបន្ទាប់ពីលីគក្នុងស្រុក Premier League ក៏បានឈានដល់វគ្គពាកកណ្តាលផ្តាច់ព្រ័ត្រនេះ ដោយយកឈ្នះក្រុម Sheffield United ក្នុងលទ្ធផល ២-១ ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយនៅយប់ថ្ងៃទី២៨ ខែសីហា។ មកដលវគ្គនេះ Arsenal បានចាប់ឆ្នោតប៉ះក្រុមម្ចាស់ជើងឯកឆ្នាំចាស់ ២០១៩ Man City ដែលទម្លាក់ Newcastle United នៅវគ្គ ៨ក្រុម ដោយលទ្ធផល ២-០។
ទាំង៤ក្រុមខាងលើ នឹងត្រូវប៉ះគ្នានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅកីឡដ្ឋាន Wembley ដូចគ្នា។ ក្រុមដែលឈ្នះនឹងត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពាន FA Cup ឆ្នាំ២០២០ ដែលធ្វើឡើងនៅថ្ងៃទី២ ខែសីហា។
Arsenal ជាក្រុមជោគជ័យជាងគេសម្រាប់ពាន FA Cup ដោយគ្រងតំណែងជើងឯក១៣លើក តាមពីក្រោយដោយ Man Utd ដែលឈ្នះ ១២ជំនាន់។ Chelsea នៅលេខរៀងទី៣ ធ្លាប់គ្រងជើងឯក៨លើក ខណៈ Man City ឈ្នះ៦ដង ឈរនៅចំណាត់ថ្នាក់ទី៨ក្នុងតារាង៕