ក្លិប Real Madrid បានហក់ឡើងកំពូលតារាងក្របខ័ណ្ឌ La Liga ដោយឈរពីលើក្លិបលេខ២ Barcelona ចំនួន២ពិន្ទុ ក្រោយយកឈ្នះក្លិប Espanyol ក្នុងលទ្ធផល១ទល់នឹង០កាលពីយប់មិញ។
១គ្រាប់របស់កីឡាករសញ្ជាតិប្រេស៊ីល Casemiro នៅចុងតង់ទី១ បានធានា៣ពិន្ទុឲ្យក្លិបស្តេចស Real Madrid ឡើងឈរកំពូលតារាង ក្រោយការបោះបាល់យ៉ាងល្អ ដែលជាការវ៉ៃកែងរបស់កីឡាករសញ្ជាតិបារាំង Karim Benzema ។
នៅក្នុងការប្រកួតនោះដែរក្លិប Real Madrid ធ្វើការគ្របសង្កត់លើក្លិបម្ចាស់ផ្ទះ Espanyol ជាខ្លាំងដោយគ្រប់គ្រងបាល់បានរហូតដល់ទៅ៦៩ភាគរយឯណោះ ដោយស៊ុតបាន១៥ជើង ចំគោលដៅចំនួន៨លើក។ យ៉ាងណាមិញក្លិប Espanyol ក៏មានឱកាសស៊ុតបានចំនួន៨ជើងផងដែរ ក្នុងនោះចំគោលដៅបាន៥លើក។
ជាក់ស្តែងក្លិប Real Madrid អាចឈ្នះពាន La Liga របស់ពួកគេនៅរដូវកាលនេះបាន ប្រសិនបើពួកគេបន្តការឈ្នះឲ្យបាន៦ប្រកួតទៀត ឬឈ្នះ៥ប្រកួតនិងស្មើ១ប្រកួត។ ស្របពេលជាមួយគ្នានេះដែរក្លិប Barcelona នឹងត្រូវប៉ះជាមួយគូប្រជែងដ៏ស្វិតស្វាញមួយទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះគឺក្លិប Atletico Madrid ហើយវានឹងធ្វើឲ្យ Real Madrid មានសង្ឃឹមកាន់តែច្រើនប្រសិនបើ Barcelona ចាញ់ឬស្មើទៀតនោះ៕