Barcelona ជឿជាក់ថានឹងអាចយកលោក Pep មកដឹកនាំវិញ ប្រសិនបើ Man City ជួបបញ្ហាមួយនេះ

0
822

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថាកំពុងតែព្យាយាមទាក់ទងនាំយកគ្រូបង្វឹកឆ្នើមរបស់ខ្លួនមកវិញគឺលោកគ្រូ Pep Guardiola ហើយប្រសិនបើក្លិប Manchester City ត្រូវបាន UEFA ពិន័យមិនឲ្យចូលលេងក្នុងពានរង្វាន់ Champions League ចំនួន២រដូវកាលមែននោះ ក្លិប Barca នឹងមានសង្ឃឹមកាន់តែច្រើនក្នុងការជួបជុំជាមួយលោក Pep សាជាថ្មីម្ដងទៀត។

គួររម្លឹកដែរថាលោក Pep Guardiola បានផ្លាស់ពីក្លិប Bayern Munich មកដឹកនាំក្លិប Man City នៅឆ្នាំ២០១៦​ ជំនួសលោក Manuel Pellegrini ក្នុងនោះដែរកិច្ចសន្យាជាទឹកប្រាក់ចំនួន២០លានផោន (ឬប្រមាណ២៥លានដុល្លារ) របស់លោកជាមួយក្លិបនោះនឹងត្រូវបញ្ចប់នៅរដូវកាលក្រោយនេះ។

ក្លិបជើងឯក Premier League រដូវកាលមុន Man City ដែលថ្មីៗនេះទើបបាត់បង់ពានរបស់ខ្លួនទៅឲ្យក្លិប Liverpool នោះ នឹងត្រូវចាំរហូតដល់ចប់រដូវកាលនេះដើម្បីចរចាជាមួយលោក Pep ក្នុងការបន្តកិច្ចសន្យាថ្មី។

យ៉ាងណាមិញ បើទោះបីជាក្លិប Barcelona ទើបតែយកនាំយកលោក Quique Setien មកដឹកនាំកាលពីដើមឆ្នាំនេះក្ដី ក៏ក្លិបយក្សមួយនេះមិនស្ទាក់ស្ទើរក្នុងការបើកទ្វារង់ចាំលោក Pep Guardiola មករួមជាមួយក្លិបវិញនោះទេ។

ជាក់ស្តែង ក្រោយពេលដែលលោក Pep ចែកផ្លូវគ្នាជាមួយ Barca ក្លិបយក្សតំបន់កាតាឡាន់ មួយនេះឈ្នះពាន Champions League បានតែមួយដងប៉ុណ្ណោះគឺនៅឆ្នាំ២០១៥ ដោយឡែកនៅក្នុងកំឡុងពេលដែលលោកដឹកនាំចំនួន៤រដូវកាល ក្លិបមួយនេះឈ្នះពានសរុបរហូតដល់ទៅ១៤គ្រឿងឯណោះ៕