ព្រឹត្តិ​ការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្រោយ​ក្រប​ខ័ណ្ឌ​ Bundesliga ចប់​ទៅ

0
694

វាំង​នន​នៃ​ក្រប​ខ័ណ្ឌ Bundesliga អាល្លឺម៉ង់ រដូវកាល ២០១៩-​២០២០ ត្រូវបាន​ទាញ​ទម្លាក់​ចុះ​ហើយ កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ ជាមួយ​នឹង​ពិធី​ឆ្លង​ជើង​ឯក ១​ ឆ្នាំ​ទៀត​របស់ក្រុម​ ​ Bayern Munich ក្រោយ​ពី​មាន​ការ​បញ្ចប់​យ៉ាង​ប្រញាប់​ប្រញាល់​នូវ​យុទ្ធនាការ​​ការ​ប្រកួត​ប្រជែង បន្ទាប់​ពី​មាន​ការ​បិទ​ទ្វារ​ប្រទេស​យ៉ាង​យូរ ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាលពី​វីរុស​​កូរ៉ូណា​។

ពេល​នេះ AFP Sport សូម​ធ្វើ​ការ​លើក​​ឡើង​វិញ​ត្រួស​ៗ​នូវ​សកម្មភាព​ដ៏​គួរ​ឲ្យ​ចង​ចាំ​ខ្លះ​ៗ ពី​រដូវកាល​នៃ​លីក​កំពូល​របស់​ប្រទេស​អាល្លឺម៉ង់ ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ ក្នុង​នោះ​​មាន​រឿង​រ៉ាវ​ ៣​​ ចំនុច​ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​។​​

-ការ​ចាប់​ផ្ដើម​រាង​ទ្រេត​ទ្រោត​របស់​ក្រុម​ជើង​ឯក​

រឿង​រ៉ាវ​ដំបូង គ្មាន​អ្វី​ក្រៅ​ពី​ការ​ការ​ពារ​តំណែង​ជើង​ឯក​របស់​ក្រុម Bayern ឡើយ ក្រោយ​ចាប់​ផ្ដើម​បង្ហាញ​សញ្ញា​ធ្លាក់​ចុះ ដោយ​ការ​លេង​ស្មើ​ ២​ ដង ក្នុង​ចំណោម​ ៤ ការ​ប្រកួត​បើក​ឆាក​ដំបូង​ក្នុងលីក ក្រោម​ការ​ដឹក​នាំ​របស់​លោក Niko Kovac។ ការ​ចាប់​ផ្ដើម​យុទ្ធនាការ​បែប​​នេះ គឺ​ទាបជាង​មាត្រដ្ឋាន​របស់​ខ្លួន​បាត់​ទៅ​ហើយ​ សម្រាប់​ ​​Bayern តែការ​ប្រកួត​ចាញ់​​ Frankfurt យ៉ាង​អាម៉ាស់ ៥-១ កាល​ពី​ខែ​វិច្ឆិកា បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ឈាន​ដល់​របត់​ថ្មី​សម្រាប់​ក្រុម​ជើង​៣០​សម័យ​កាល​នេះ​។

វា​ជាលើក​ដំបូង​ ក្នុង​រយៈ​ពេល​ ១​ ទសវត្សរ៍ ដែល​ក្រុម​ Bayern របូត​គ្រាប់​បាល់​ដល់​ទៅ ៥​ គ្រាប់ សម្រាប់​ការ​ប្រកួត​នៅ Bundesliga ហើយ​ក្រោយ​ពី​នោះ ១​ ថ្ងៃ លោក Kovac ត្រូវ​បាន​បញ្ចប់​តួនាទី។ លោក Hansi Flick ចូល​មក​ធ្វើ​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន ហើយ​បាន​បង្កើត​នូវ​កំណត់​ត្រា ១ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់ក្លិប គឺ​ដឹកនាំ​ឈ្នះដល់​ទៅ ២៨ ដង ក្នុង​ចំណោម ៣១ ​ការ​ប្រកួត​ដំបូង​។​

សម្រាប់​គ្រូ​បង្វឹក​ថ្មី​នេះ រឿង​ ១​ ទៀត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ គឺ​ការ​អាច​ធ្វើឲ្យ​ Thomas Mueller ​​ក្លាយ​ជា​កីឡាករ​សំខាន់​របស់​ក្រុម ១ រូប រហូត​ជាប់​កំណត់​ត្រាជា​កីឡាករ​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូលទី (assist) បាល់​ដល់​ទៅ ២១ ​គ្រាប់ រដូវកាល​នេះ ខណៈ​ខ្សែ​ប្រយុទ្ធ Robert Lewandowski ដែលរក​​គ្រាប់​បាល់បាន ៣៤​ គ្រាប់ បញ្ចប់​រដូវ​កាល​ជាមួយ​នឹង​ពាន​អ្នក​ស៊ុត​បាន​ច្រើន​ជាង​គេ (top scorer) ជាលើក​ទី​ ៥ នៅ​ Bundesliga​។

-វិបត្តិកូរ៉ូណា

តែ​អ្វី​ដែល​ជា​ប្រវត្តិសាស្ត្រនោះ​ គឺ​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូណា ដោយ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​កីឡាទូ​ទាំង​សកល​លោក ក្នុង​នោះ​ការ​ប្រកួត​ប្រជែង​បាល់​ទាត់​នៅ​ក្រប​ខ័ណ្ឌ Bundesliga ក៏​គេច​មិន​ផុត​ដែរ។ ថ្ងៃ​ទី​១១ ខែ​មីនា ការ​ប្រកួត​លីក​កំពូល​របស់​ប្រទេស​អាល្លឺម៉ង់​មួយ​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​បិទទ្វារ​កីឡដ្ឋានជា​លើក​ដំបូង ដែលពេល​នោះ​ក្រុម​ម្ចាស់​ផ្ទះ Moenchengladbach ឈ្នះ​ក្រុម Cologne ២-១​។​

២​ ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត​ ដែល​អត់មាន​អ្នក​គាំទ្រ​សូម្បី ១ នាក់​នោះ អ្នក​គ្រប់​គ្រង​សម្រេច​ផ្អាក​បណ្ដោះ​អាសន្ន ជាលើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ គិត​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២ (WWII) ខណៈ​ប្រទេស បាន​ចាប់​ផ្ដើម​អនុវត្ត​គោល​ការណ៍​បិទ​ទ្វារ​ទប់​ស្កាត់​ការ​រាល​ដាល​ជំងឺ​នេះ​។ ថ្ងៃ​ទី​ ១៦ ខែ​ឧសភា ក្រប​ខ័ណ្ឌ Bundesliga ចាប់​ផ្ដើម​ឡើង​វិញ ដើម្បី​​ក្លាយ​ជា​លីក​កំពូល​នៅ​អឺរ៉ុប​ទី ១ ដែល​វិល​មក​មាន​សកម្មភាព​វិញ អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​ឆ្លង។

បើ​ទោះ​ជាមាន​ការ​ជំទាស់​ពី​អ្ន​ក​នយោបាយ​ខ្លះ និងការ​ព្រមាន​ពី​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំនួន​ក៏​ដោយ ក៏​ការ​ចាប់​ផ្ដើម​ឡើង​វិញ​ទទួល​បាន​ជោគ​ជ័យ​គួរ​ជា​ទី​កត់សម្គាល់​ដែរ ដោយ​​កីឡាករ​ទាំងអស់ គោរព​តាម​គោល​ការ​ណ៍​អនាម័យ​យ៉ាង​ខ្ជាប់​ខ្ជួន ហើយ​អ្នក​គាំទ្រ​ទៀត​សោត​ ក៏​ស្ដាប់​តាម​ការ​ណែ​នាំ ដែល​សុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​​ការ​ប្រកួត ឬ​កីឡដ្ឋាន​។ ខណៈ​លីក​នៅ​អឺរ៉ុប​ផ្សេង​ទៀត នឹង​លេង​រហូត​ដល់​ចុង​ខែ​កក្ក​ដា និងអាច​អូស​បន្លាយ​ដល់​ខែ​សីហា ឥឡូវ​នេះ ក្លិប​នៅ​អាល្លឺម៉ង់ អាច​រីក​រាយ​ជាមួយ​នឹង​វិស្សមកាល​របស់​ខ្លួន​បាន​ហើយ​។

-ការ​តវ៉ា​សម្រាប់ George Floyd

ការ​ចាប់​អារម្មណ៍​ដែល​គ្រប់​គ្នា​មិន​អាច​មើល​រំលង គឺ​ថា​ការសម្ដែង​កាយ​វិការ​តវ៉ា​របស់​កីឡាករ​ជាច្រើន​រូប នៅក្រប​ខ័ណ្ឌ Bundesliga នេះ មាន​ដូច​ជាកីឡាករ Marcus Thuram, Weston McKennie, Jadon Sancho និង Achraf Hakimi ហើយ​មូល​ហេតុ​ ដែល​នាំ​ឲ្យ​​ពួក​គេធ្វើ​ទង្វើ​នោះ គឺ​ដើម្បី​គាំ​ទ្រ​ដល់​ចលនា​តវ៉ានៅ​សហរដ្ឋ​អាមេរិក ដែល​កើតមាន​ជា​បន្ត​បន្ទាប់ ក្រោយ​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ឈ្មោះ George Floyd។​

ក្រោយ​មក​ចលនា​តវ៉ានោះ រាល​ដាល​កាន់​តែ​ធំ​ៗឡើង​ រហូត​ដល់​ប្រទេស​ផ្សេងៗ​ទូទាំង​សកល​លោក​ ក្នុងនោះ​ក៏មាន​អាល្លឺម៉ង់​ផង​ដែរ ហើយដើម្បី​សម្ដែង​ការ​គាំ​ទ្រ​ដល់​ចលនា​តវ៉ា ដែល​មាន​​ឈ្មោះ​ថា​ «Black Lives Matter» ​នៅ​រៀង​រាល់​ការ​ប្រកួត​ម្ដង​ៗ គ្រប់​កីឡាករ​នៃ​ក្រុម​នីមួយៗ សូម្បី​តែ​ក្រុម Bayern សុទ្ធ​តែ​​បាន​នាំ​គ្នា​លុត​ជង្គង់​ម្ខាង ខណៈ​នៅ​លើ​ស្លាក​ប្រធាន​ក្រុម​ សរសេរ​អក្សរ​ថា​ «Justice for George»៕