ក្រុមអធិរាជស Real Madrid ត្រូវការជ័យជម្នះតែ ១ ដងទៀតប៉ុណ្ណោះ ដើម្បីធានាថា ពួកគេគឺជាម្ចាស់ពានរង្វាន់ក្របខ័ណ្ឌ La Liga រដូវកាលនេះ ក្រោយពីពួកគេបានធ្វើដំណើរទៅយក ៣ ពិន្ទុ ពីក្រុមម្ចាស់ផ្ទះ Granada ដោយការយកឈ្នះ ២-១ កាលពីយប់ថ្ងៃចន្ទ ហើយបន្ថែមគម្លាតនាំមុខលើក្រុមលេខ ២ Barcelona ចំនួន ៤ ពិន្ទុ។
ដោយការប្រកួតនៅសល់តែ ២ លើកទៀត អ៊ីចឹង ក្រុម Real នឹងកា្លយជាជើងឯក បើពួកគេអាចប្រកួតឈ្នះក្រុម Villarreal នៅផ្ទះខ្លួនឯងនាយប់ថ្ងៃប្រហស្បតិ៍បាន ដោយមិនបាច់ខ្វល់ពីក្រុម Barca ថា តើធ្វើបានលទ្ធផលយ៉ាងម៉េច នៅកីឡដ្ឋាន Camp Nou ពេលលេងជាមួយក្រុម Osasuna។
សម្រាប់ការប្រកួត នៅកីឡដ្ឋាន Los Carmenes នេះ ក្រុម Real មើលទៅហាក់មិនមានអ្វីគួរឲ្យបារម្ភឡើយ ដោយសារគ្រាប់បាល់របស់ខ្សែការពារ Ferland Mendy នាទីទី១០ និងខ្សែប្រយុទ្ធ Karim Benzema នាទីទី ១៦ តែមិនដូច្នោះឡើយ ពួកគេត្រូវហូរញើសស្ទើរខ្សោះខ្លួនដែរ ទម្រាំការប្រកួតបញ្ចប់ផ្លូវការ ជាពិសេសក្រោយម្ចាស់ផ្ទះតាមបាន ១ គ្រាប់វិញ នៅនាទីទី ៥០ ដែលបញ្ចូលទីដោយ Darwin Machis។
ក្រោយការប្រកួតបញ្ចប់ទៅ គ្រូបង្វឹករបស់ក្រុម លោក Zinedine Zidane បាននិយាយថា៖ «ទស្សនៈវិស័យរបស់យើង ពេលយើងចាប់ផ្ដើមរៀងរាល់រដូវកាល គឺឈ្នះពានលីក។ សល់ការប្រកួត ២ លើកទៀត។ យើងខិតកាន់តែជិតមែនទែនហើយ តែយើងមិនទាន់ទៅដល់នៅឡើយទេ»។
ចំណែកខ្សែការពារ Sergio Ramos បាននិយាយថា៖ «យើងមិនអាចសម្រាកបានទេ។ យើងរំកិលជិតបន្តិចទៀត តែយើងត្រូវតែប្រឹងបន្ត។ ការប្រកួតនេះ បានដាស់តឿនពួកយើងមិនឲ្យបន្ធូរបន្ថយបានជាដាច់ខាត យើងធ្វើបានល្អវគ្គទី១ តែវគ្គទី២ យើងចាប់ផ្ដើមធ្វើមិនបានល្អ ដូច្នេះយើងត្រូវតែប្រាកដថា នឹងមិនមានកំហុសបែបនេះឡើយ សម្រាប់ការប្រកួតខាងមុខ»។
ដូច្នេះគិតត្រឹមសប្ដាហ៍ទី ៣៦ នេះ ក្រុម Real មាន ៨៣ ពិន្ទុ ឈរលេខ ១ ខណៈក្រុម Barca នៅលេខ ២ មាន ៧៩ ពិន្ទុ ហើយក្រុមលេខ ៣ និងលេខ ៤ គឺ Atletico Madrid និង Sevilla មាន ៦៦ ពិន្ទុដូចគ្នា។ ក្រុមនៅបាតតារាង គឺក្រុម Leganes លេខ ១៨ (៣២ ពិន្ទុ), ក្រុម Mallorca លេខ ១៩ (៣២ ពិន្ទុ) និងក្រុម Espanyol លេខ ២០ (២៤ ពិន្ទុ)៕