ក្លិបបាល់ទាត់អាល្លឺម៉ង់ Borussia Dortmund បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការ ក្នុងការនាំយកកីឡាករលេចធ្លោ Jude Bellingham ដែលជាគោលដៅរបស់ Manchester United ទៅកាន់ក្របខណ្ឌ Bundesliga ជាផ្លូវការចាប់ពីរដូវកាល២០២០/២០២១។
ខ្សែបម្រើវ័យ ១៧ឆ្នាំខាងលើត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តពិនិត្យសុខភាពដោយជោគជ័យនៅប្រទេសអាល្លឺម៉ង់ អមជាមួយការចុះកិច្ចសន្យារយៈពេលវែង ខណៈថ្លៃឈ្នួលដំបូងប្រមាណ ២៥លានផោន។ គួរឲ្យដឹងថា Jude Bellingham ចាប់ផ្ដើមបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៦ ជាមួយ Birmingham មុនពេលដែលរូបគេបានក្លាយជាទីចំណាប់អារម្មណ៍ ពីក្លិបធំជាច្រើននៅតំបន់អឺរ៉ុប រួមទាំងក្លិបធំៗមួយចំនួននៃក្របខណ្ឌ English Premier League ដូចជា Manchester United និង Chelsea ជាដើម។ គួរឲ្យដឹងថា មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងនេះ Jude Bellingham ក៏ត្រូវបានគេរាយការណ៍ថា បានទៅទស្សនកិច្ចទៅកាន់ក្លិបនីមួយៗដែលចាប់អារម្មណ៍ទៅលើគេ ប៉ុន្តែចុងក្រោយ Borussia Dortmund គឺជាគោលដៅបន្ទាប់សម្រាប់រូបគេ ក្នុងការប្រកួតប្រជែងសម្រាប់រដូវកាលបន្ទាប់៕