ខ្សែប្រយុទ្ធអង់គ្លេសលេងឲ្យក្លឹប Everton កីឡាករ Dominic Calvert-Lewin ត្រូវបានគេជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែកញ្ញាក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League។
នៅក្នុងខែកញ្ញា កីឡាករក្រុមជម្រើសជាតិអង់គ្លេសមួយនេះជួយឲ្យ Everton ឈ្នះទាំង ៣ប្រកួត ហើយរកបាន ៥គ្រាប់ ហើយជាពិសេសរកបាន Hat-Trick បានមួយទៀតផងគឺពេលប៉ះនឹង West Brom។
លើសពីនេះទៅទៀត ខ្សែប្រយុទ្ធរូបនេះហើយជាអ្នកដែលដាក់មួយគ្រាប់ជ័យជំនះប្រផឹតប្រផើយ អំឡុងប្រកួតបើកឆាក Everton សួរសុខទុក្ខ Tottenham Hotspur ដែលធ្វើឲ្យលោក Jose Mourinho ចាញ់ក្នុងប្រកួតបើកឆាកជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំនៃអាជីពគ្រូបង្វឹករបស់លោក។
ក្រៅពីនេះទៅទៀត Lewin បានធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់កាន់តែស្គាល់ច្បាស់ ក្រោយពេលដែលកីឡាកររូបនេះរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិអង់គ្លេសបានមួយគ្រាប់ ពេលប៉ះនឹងក្រុមជម្រើសជាតិវេល៕