មកទល់នឹងពេលនេះ មានក្រុមចំនួន ៩ហើយ ដែលបានឈ្នះសំបុត្រចូលទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា ដែលក្នុងនោះមានបារាំង និងបែលហ្ស៊ិក បន្ទាប់ពីការប្រកួតជម្រុះកាលពីយប់មិញ។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងធ្វើឡើងនៅប្រទេសកាតាចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២២។ ក្រៅពីក្រុមម្ចាស់ផ្ទះ គឺមាន៨ក្រុមដែលបានជម្រុះក្នុងនោះ៧ក្រុមមកពីអឺរ៉ុប និង១ក្រុមមកពីអាមេរិកខាងត្បូង។
ខណៈពេលដែលម្ចាស់ផ្ទះកាតាជាលើកដំបូងចូលរួមក្នុងការប្រកួតបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោក ឯប្រេស៊ីលនឹងមានវត្តមាននៅក្នុងការប្រកួត World Cup លើកទី ២២ ។ Selecao ទើបតែបានបញ្ចប់ការប្រកួតចំនួន ៦លើក បន្ទាប់ពីលទ្ធផលល្អបំផុតក្នុងវគ្គប្រកួតជម្រុះនៅតំបន់អាមេរិកខាងត្បូង។
បន្ទាប់ពីការប្រកួតចំនួន ១២លើក ប្រេស៊ីលឈ្នះ ១១ និងស្មើ ១ ដែលមានពិន្ទុច្រើនជាងឆ្ងាយពីក្រុមទី៥នៃតារាង ដែលបច្ចុប្បន្នគឺជាក្រុមអ៊ុយរូហ្គាយ ដោយ ១៨ពិន្ទុ។ ពួកគេក៏ជាក្រុមដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ (២៧គ្រាប់) និងរបូកចូលសំណាញ់ទីតិចបំផុត (៤គ្រាប់)។
ក្នុងវគ្គជម្រុះអឺរ៉ុប អាឡឺម៉ង់ជាក្រុមដំបូងដែលឈ្នះសំបុត្រទៅកាន់ប្រទេសកាតា ដោយសារក្រុមឈរនៅកំពូលតារាងពូល J ដោយឈ្នះ៨លើក និងស្មើ១ ស៊ុតបញ្ចូលទីបាន៣២គ្រាប់ និងរបូតវិញ៣គ្រាប់។ ពួកគេបានចូលរួមវគ្គផ្ដាច់ព្រ័ត្រ World Cup ចំនួន១៩លើកមកហើយ។
ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ EURO 2020 ក្រុមដាណឺម៉ាកនៅតែរក្សាបាននូវទម្រង់លេងដ៏ល្អនេះក្នុងយុទ្ធនាការឆ្ពោះទៅកាន់ World Cup 2022។ បន្ទាប់ពីការប្រកួតចំនួន ៩ ដង ក្រុម “Lead Soldiers” នៅតែរក្សាកំណត់ត្រាឈ្នះដោយស៊ុតបញ្ចូលទីបាន ៣០គ្រាប់ និង របូតវិញ១គ្រាប់។
ក្រុមបែលហ្ស៊ិកក៏បានទទួលសំបុត្រចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រជាផ្លូវការផងដែរដោយសារការទទួលជ័យជម្នះ ៣-១ លើអេស្តូនី។ ពួកគេបានកាន់កាប់តំណែងកំពូលក្នុងពូល E ជាមួយនឹងកំណត់ត្រាឈ្នះ ៦ និងស្មើ ១ ។
នៅថ្ងៃដដែលនោះ បារាំងបានបញ្ចប់ភារកិច្ចក្នុងពូល D ដោយកម្ទេចកាហ្សាក់ស្ថាន។ ថ្វីត្បិតតែឈ្នះ៤ និងស្មើ៣ បន្ទាប់ពីការប្រកួត៧លើក ប៉ុន្តែក្រុមបារាំងនៅតែនាំមុខក្រុមហ្វាំងឡង់ ៤ពិន្ទុ។
ក្នុងការប្រកួតចុងក្រោយក្នុងពូល A ស៊ែប៊ីបានបង្កើតភាពភ្ញាក់ផ្អើលដោយផ្ដួលម្ចាស់ផ្ទះព័រទុយហ្គាល់។ បើទោះជាត្រូវការត្រឹមស្មើដើម្បីឈ្នះសំបុត្រផ្ទាល់ក៏ដោយ Cristiano Ronaldo និងមិត្តរួមក្រុមរបស់គាត់បានចាញ់ម្តងទៀតនៅនាទីទី ៩០ ហើយនៅទីបំផុតស៊ែប៊ីបានចូលទៅកាន់ប្រទេសកាតាជាផ្លូវការ ហើយព័រទុយហ្គាល់ត្រូវលេងវគ្គ Play-off ។
ក្នុងពូល B អេស្បាញបានឈរនៅកំពូលតារាងបន្ទាប់ពីបានយកឈ្នះស៊ុយអែតដោយគ្រាប់បាល់តែមួយគត់របស់ Alvaro Morata នៅនាទីចុងក្រោយ។
ការផ្លាស់ប្តូរមួយទៀតបានកើតឡើងនៅក្នុងពូល E នៅពេលដែលក្រូអាតបានផ្តួលរុស្សី ១-០ នៅលើទឹកដីខ្លួន ជាមួយនឹងគ្រាប់បាល់បញ្ចូលទីខ្លួនឯងនៅនាទីទី ៨៦ ។ Luka Modric និងមិត្តរួមក្រុមរបស់គាត់បានឈ្នះសំបុត្រដោយផ្ទាល់ខណៈដែលរុស្ស៊ីត្រូវចូលរួមក្នុងការប្រកួត play-off៕