ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Phumphanmuang បានប្រើប្រាស់លុយក្នុងហោប៉ៅរបស់ខ្លួន ដើម្បីផ្តល់រង្វាន់ដល់ក្រុមកីឡាករជម្រើសជាតិថៃ បន្ទាប់ពីយកឈ្នះលើក្រុមវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2020។
ភ្លាមៗបន្ទាប់ពីថៃបានយកឈ្នះវៀតណាមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2020 ប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសថៃគឺ លោក Somyot Phumphanmuang បានបង្ហាញមូលប្បទានប័ត្រចំនួន ១០ លានបាត (ស្មើនឹងជិត ៣សែនដុល្លារ) ដល់តំណាងសហព័ន្ធ។
ចំនួនទឹកប្រាក់នេះនឹងត្រូវបានផ្ទេរដោយផ្ទាល់ទៅគណនីធនាគាររបស់កីឡាករ និងសមាជិកនៃបុគ្គលិកគ្រូបង្វឹក។ នេះជាការសន្យារបស់លោក Phumphanmuang មុននឹងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រព្រឹត្តទៅ។
«អរគុណអ្នកទាំងអស់គ្នាសម្រាប់សមិទ្ធិផលដ៏ឆ្នើមមួយនេះ ជាការបញ្ជាក់ដ៏រឹងមាំរបស់ក្រុមថៃ។ ថ្ងៃនេះខ្ញុំបានរក្សាការសន្យារបស់ខ្ញុំក្នុងការផ្តល់ប្រាក់ចំនួន ១០ លានបាតដល់កីឡាករ និងគ្រូបង្វឹក។ សូមអោយក្រុមទាំងមូលជួបតែសំណាងល្អ។» លោក Somyot Phumphanmuang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃបានមានប្រសាសន៍ថា នេះជាការប្រកួតចុងក្រោយដើម្បីនាំមកនូវភាពសប្បាយរីករាយដល់ប្រជាជនថៃក្នុងឪកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២២។
ជាការឆ្លើយតប ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ ប្រធានក្រុមកីឡាករថៃ Chanathip Songkrasin បានអបអរសាទរដល់ប្រធានសហព័ន្ធបាល់ទាត់ថៃក្នុងថ្ងៃខួបកំណើតរបស់គាត់ និងសន្យាថានឹងនាំយកជើងឯកមកផ្ទះវិញ។
«សូមជូនពរឱ្យអ្នកឈានចូលវ័យថ្មី មានសុខភាពល្អ និងបន្តចូលរួមចំណែកដើម្បីជួយកីឡាបាល់ទាត់ថៃឱ្យកាន់តែរីកចម្រើន។ តំណាងឱ្យកីឡាករខ្ញុំសុំអរគុណសម្រាប់អំណោយនេះ។ យើងនឹងព្យាយាមនាំយកជើងឯកមកផ្ទះវិញ។» Chanathip និយាយដូច្នេះ។
ប្រសិនបើពួកគេឈ្នះពាន AFF Cup 2020 ថៃនឹងទទួលបានរង្វាន់បន្ថែមប្រមាណ ៤៤លានបាត (ស្មើនឹង១លាន ៣សែនដុល្លារ)។ មុននោះ ប្រធានក្រុមបាល់ទាត់នារីថៃ ក៏បានជូនកាដូដ៏មានតម្លៃជាច្រើន ដើម្បីលើកទឹកចិត្តដល់ទឹកចិត្តកីឡាករថៃ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមថៃនឹងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រជើងទី១ និងជើងទី២ នៅថ្ងៃទី២៩ ខែធ្នូ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ទល់នឹងឥណ្ឌូនេស៊ី៕