សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បើកការស៊ើបអង្កេតលើប្រធានក្លិប Paris St-Germain លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo ក្នុងបទចោទអ្នកទាំងពីរប្រើឥរិយាបថមិនសមរម្យដាក់មន្ត្រីអាជ្ញាកណ្តាល បន្ទាប់ពីក្រុមធ្លាក់ចេញពី Champions League វគ្គ១៦ក្រុម ក្រោមថ្វៃជើង Real Madrid។
លោក Al-Khelaifi និង Leonardo បានទៅចូលរួមទស្សនាការប្រកួតរវាងម្ចាស់ផ្ទះ Real Madrid និង PSG។ ក្រុមយក្សអេស្ប៉ាញបានទម្លាក់ក្រុមយក្សបារាំងដោយគ្រាប់បាល់វាយបក ៣-១ ក្នុងការប្រកួតជើងទីពីរ ដោយសរុបទាំងពីរជើង Real Madrid ឈ្នះ ៣-២។
ក្រោយបញ្ចប់ការប្រកួតនេះ អ្នកចាត់ការ PSG លោក Mauricio Pochettino លើកឡើងថា គ្រាប់ទីមួយរបស់ Real Madrid ដែលបានកើតឡើងនៅនាទីទី៦១ ជាគ្រាប់បាល់អយុត្តិធម៌។ ទាំងប្រធានក្លិប និងនាយកកីឡា PSG ទាំងពីររូប ក៏បានបង្ហាញការមិនពេញចិត្តនឹងការកាត់ក្តីរបស់អាជ្ញាកណ្តាលលោក Danny Makkelie ផងដែរ។
បើតាមការផ្សាយរបស់កាសែត BBC អាជ្ញាកណ្តាលសញ្ជាតិហូឡង់បានសរសេរនៅក្នុងរបាយការណ៍មួយថា លោក Al-Khelaifi និង Leonardo បានដើរចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់លោក ហើយទាញទ្វារបិទ។
ជុំវិញករណីនេះ UEFA បានបើកការស៊ើបអង្កេតភ្លាមៗតែម្តង។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបនឹងពិចារណាលើ គោលការណ៍ទូទៅនៃការប្រព្រឹត្ត ក៏ដូចជាអាកប្បកិរិយាមិនត្រឹមត្រូវរបស់កីឡាករ និងមន្ត្រីរបស់ PSG ទៅលើលោក Makkelie វ័យ៣៩ឆ្នាំ៕