Dortmund ទុកចិត្តថានឹងផ្ដួល Man UTD ដណ្ដើមយកកីឡាករកំពុងឡើងកូដវ័យ១៦ឆ្នាំម្នាក់

0
879

ក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ត្រូវបានរាយការណ៍មកថា មានទំនុកចិត្តក្នុងការយកឈ្នះ Manchester United ទិញយកយុវជនកំពុងឡើងកូដរបស់ក្លិប Birmingham City កីឡាករ Jude Bellingham។

Dortmund និង Man UTD គឺជាបេក្ខភាពដែលកំពុងប្រឈមមុខគ្នាក្នុងការតាមប្រមាញ់កីឡាករវ័យ១៦ឆ្នាំ Bellingham តាំងពីមុនពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដោយ Dortmund ត្រូវបានគេសនិដ្ឋានថាជាក្លិបដែលមានភាគរយខ្ពស់ក្នុងការនាំយក Bellingham។

ជាមួយគ្នានេះ ក្លិបតោខៀវ Chelsea ក៏មានព័ត៌មានល្ហិចល្ហៀងមកថាចាប់អារម្មណ៍ចង់បានមកលើយុវជនជម្រើសជាតិអង់គ្លេសរូបនេះដូចគ្នា ប៉ុន្តែបើតាម Daily Mail ក្លិបនៅក្របខណ្ឌ Bundesliga ឯណោះវិញទេដែលអាចនឹងយកបានខ្សែបម្រើខាងលើ។

ប្រភពដដែលបានបន្តឲ្យដឹងថា Dortmund នៅតែមានគំនិតក្នុងការទិញយក Bellingham នៅពេលទីផ្សាររដូវក្ដៅដំណើរការ បើទោះបីជាមានបញ្ហាហរិញ្ញវត្ថុមួយចំនួនដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ យ៉ាងណាក្ដី។

គួរឲ្យដឹងដែរថា Bellingham រកបានគ្រាប់បាល់៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៣លើកឲ្យ Birmingham ក្នុងការប្រកួតក្របខណ្ឌលំដាប់ទីពីរអង់គ្លេស Championship រដូវកាល ២០១៩-២០ នេះ៕