បីសាចក្រហម ឈានដល់កិច្ចព្រមព្រៀងផ្ទេរយក Alvaro Fernandez Carreras ក្នុងកុងត្រារយៈពេល៤ឆ្នាំ

0
598

យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយក យុវជនក្រុម Real Madrid កីឡាករ Alvaro Fernandez Carreras ក្នុងកុងត្រារយៈពេល៤ឆ្នាំ។

ខ្សែការពារស្លាបឆ្វេងរូបនេះ បានចំណាយពេល ៣រដូវកាលមកហើយជាមួយក្រុមយុវជន​ Real Madrid ចាប់តាំងពីផ្លាស់ពីក្លិប Deportivo La Coruna ក្នុងឆ្នាំ២០១៧មក។

យោងតាមការចុះផ្សាយរបស់កាសែត AS កុងត្រារបស់ Alvaro ជាមួយនឹង Real Madrid ផុតកំណត់កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ ខណៈក្លិបយក្សអេស្ប៉ាញ ក៏បានផ្ដល់កុងត្រាថ្មីឲ្យរូបគេផងដែរ ប៉ុន្តែត្រូវបានកីឡាករវ័យ១៩ឆ្នាំបដិសេធ ដោយគ្រោងចុះកុងត្រា៤ឆ្នាំផ្ទេរមក Man UTD នៅរដូវក្ដៅនេះ។

ប្រភពខាងលើបានបន្ថែមទៀតថា មូលហេតុដែល​ Alvaro យល់ព្រមចុះកុងត្រាលេងឲ្យក្រុមបិសាចក្រហម ដោយសារតែពេញចិត្តនឹងគម្រោងដែល Man UTD រៀបចំសម្រាប់កីឡាករក្មេងៗ ជាពិសេសគេចង់ប្រឡូកក្នុងក្របខណ្ឌ​ Premier League ។

យ៉ាងណាមិញ Alvaro ត្រូវបានគេរពឹងថា នឹងចាប់ផ្ដើមជាមួយក្រុមយុវជនរបស់ Man UTD ជាមុនសិន លុះត្រាណាតែលោក Ole Gunnar Solskjaer សម្លឹងឃើញ ទើបរូបគេអាចមានឱកាសចូលលេងក្នុងក្រុមឈុតធំ ដូចទៅនឹងកីឡាករ Mason Greenwood និង Brandon William ដែលត្រូវបានលោក Solskjaer ថ្ពក់ចេញពីថ្នាលយុវជន​ ដំឡើងមកលេងក្នុងក្រុមឈុតធំនៅរដូវកាលនេះអ៊ីចឹងដែរ៕