ក្រុម FC Barcelona កំពុងចាប់ផ្ដើមចរចាជាមួយកីឡាករ Lionel Messi ដើម្បីបានបន្ដកុងត្រាថ្មីទៀត ព្រោះកុងត្រាចាស់របស់គេនឹងអស់នៅឆ្នាំ២០២១នេះទៅហើយ។
Messi អស់កុងត្រានៅឆ្នាំក្រោយ ប៉ុន្តែរូបគេមានលក្ខខណ្ឌមួយទៀតដែរលើកុងត្រាចាស់គឺអាចដើរចេញដោយ Free នៅរដូវក្ដៅខាងមុខនេះ។ ដោយសារតែលក្ខខណ្ឌមួយនេះហើយ ទើបបានជាក្រុម Barcelona ប្រញាប់ខ្លាំងក្នុងការព្យាយាមបន្ដកុងត្រាឱ្យវីរបុរសរបស់ខ្លួនទៀត។ ព្រោះបើទុកដល់រដូវក្ដៅខាងមុខ ខ្លាចមានក្លឹបណាអន្ទង់ចិត្ត Messi បានសម្រេចទៅលេងនៅទីនោះបាត់។
គេនៅមិនទាន់ដឹងទេថាកុងត្រាថ្មីដែលក្លឹបស្នើទៅ Messi នោះមានអ្វីខ្លះ។ តែរាល់ដងគឺមានការតំឡើងប្រាក់ឈ្នួល និងលក្ខណ្ឌពិសេសៗជាច្រើនទៀត។ ប្រធានក្លឹបលោក Josep Maria Bartomeu តែងតែនិយាយថាចង់ឱ្យកីឡាករវ័យ៣២ឆ្នាំនេះ លេងនៅ Barcelona រហូតដល់ចូលនិវត្តន៍នៅទីនេះតែម្ដងទៅ មិនឱ្យចាកចេញទៅក្លឹបដទៃទៀតទេ។
Messi ចំណាយពេល១៦ឆ្នាំមកហើយជាមួយក្រុមអ្នកមានបុណ្យ ដោយបានជួយក្លឹបនេះឈ្នះពានរង្វាន់៣៤មកហើយ និងជោគជ័យខ្លាំងមែនទែនកន្លងមកនេះ៕