«ខ្ញុំនឹកទីនេះ»។ នេះជាសម្ដីរបស់កីឡាករ Lionel Messi បានបន្លឺឡើង ក្រោយពីបានបោះជំហានរបស់ខ្លួនជាន់លើស្មៅនៅក្នុងកីឡដ្ឋាន Camp Nou ជាលើកដំបូងក្នុងរយៈពេល ៣ ខែ តែនៅពេលក្រុមអ្នកមានបុណ្យ Barcelona (Barca) ត្រឡប់មកធ្វើសកម្មភាពប្រកួតប្រជែងវិញ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ ដឹងច្បាស់ថា វានឹងប្លែកជាងមុនជាមិនខាន។
ជំនួសមកវិញការប្រជែងពានរង្វាន់ដ៏វក់វីនៅក្របខ័ណ្ឌ La Liga នឹងចាប់ផ្ដើមដោយភាពប្លែកខុសពីមុន ខណៈក្រុម Barca នឹងបញ្ចប់នៅកីឡដ្ឋានដ៏ធំជាងគេបំផុត និងឥឡូវនេះទទេស្អាតជាងគេបំផុតនៅអឺរ៉ុប ពេលក្រុមគូប្រជែងស្លាប់រស់អធិរាជស Real Madrid (Real) ប្ដូរទៅលេងនៅកីឡដ្ឋានផ្សេងទាំងស្រុង។
២ ពិន្ទុ ជាគម្លាតរវាងក្រុមគូប្រជែងដ៏ធំជាងគេរបស់ប្រទេសអេស្ប៉ាញ នៅមុនការប្រកួតលីកលំដាប់កំពូលវិលមកវិញ នៅថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍នេះ ខណៈជំនួបរវាងក្រុមនៅក្រុងតែមួយ (Derby Match) គឺ Sevilla និង Real Betis នឹងបញ្ចប់ការគាំងដំណើររយៈពេល ៩៣ ថ្ងៃ ហើយចាប់ផ្ដើមជាមួយនឹងការប្រកួតយ៉ាងមមាញឹករយៈពេល ៥ សប្ដាហ៍ ដើម្បីឲ្យរដូវកាលនេះ ចប់ជាផ្លូវការពេញបរិបូរណ៍។
ពេលយុទ្ធនាការ ត្រូវបានផ្អាកកាលពីថ្ងៃទី ១២ ខែមីនា ក្រុម Real បានប្រគល់ចំណាត់ថ្នាក់ទី ១ ឲ្យទៅ Barca ភ្លាមៗ ក្រោយពីបានប្រកួតឈ្នះគូប្រជែងនេះ នៅទឹកដីខ្លួនឯង Santiago Bernabeu ដែលជាការប្ដូរចំណាត់ថ្នាក់ដ៏គួរឲ្យកត់សម្គាល់ ដែលប្រើពេលត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ។ ដោយគិតលើភាពមិនទាន់រឹងមាំនៃក្រុមទាំង ២ វាជារឿងពិបាកស្មានមែនទែនថា តើក្រុមណានឹងមានទម្រង់លេងខ្លាំងជាងសម្រាប់ការប្រកួតទាំង ១១ លើកចុងក្រោយនៃរដូវកាលនេះ? ប៉ុន្តែកត្តាដែលសំខាន់នោះគឺថា ក្រុមណានឹងសម្របខ្លួនបានប្រសើរជាងចំពោះបរិយាកាសដ៏ប្លែកនេះ។
ជួសឲ្យការលេងនាកីឡដ្ឋានមាន ៨១ ០០០ កៅអីរបស់ខ្លួននាកណ្ដាលទីក្រុង ដែលកំពុងត្រូវបានជុសជុលនៅរដូវក្ដៅនេះ ក្រុម Real នឹងទៅលេងនៅឯកីឡដ្ឋាន Alfredo di Stefano ដែលអាចផ្ទុកទស្សនិកជនបានតែ ៦ ០០០ នាក់ ដោយជាទូទៅ ត្រូវបានប្រើប្រាស់ជាទឹកដីរបស់ក្រុមកីឡាករបម្រុងរបស់ក្លិប និងក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ។
ពាក់ព័ន្ធនឹងការប្រកួត ដែលនឹងធ្វើឡើងដោយខុសប្លែកពីមុនទាំងស្រុង ជាពិសេសរឿងអវត្តមានអ្នកគាំទ្រខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Toni Kroos របស់ក្រុម Real បាននិយាយនៅដើមខែនេះថា៖ «នេះជាលើកទី ១ ដែលយើងត្រូវលេងដោយអត់មានអ្នកគាំទ្រ។ ក្រុមរបស់យើង ដែលត្រូវតែសម្របខ្លួនឲ្យល្អបំផុតនឹងស្ថានការណ៍នេះបាន នោះគឺជាជ័យជម្នះមួយដែលយើងទទួលបាន»។
តែយ៉ាងណាសម្រាប់ក្រុមអ្នកមានបុណ្យ នេះមិនមែនជាលើដំបូងនោះទេ ក្នុងការប្រកួតដោយអត់មានអ្នកគាំទ្រ ព្រោះកាលពីខែតុលា ឆ្នាំ ២០១៧ ខ្លួនបានធ្វើការប្រកួតជាមួយក្រុម Las Palmas ដោយបិទទ្វារកីឡដ្ឋាន Camp Nou ដែលការធ្វើបែបនេះគឺ ដើម្បីតវ៉ានឹងការអនុញ្ញាតឲ្យមានការប្រកួតចំពេលមានចលាចលផ្នែកនយោបាយ។
បើទោះជាក្រុមខ្លួនធ្លាប់រៀបចំការប្រកួតក្នុងសភាពស្ងាត់ជ្រងំក្ដី ក៏ខ្សែបម្រើ Arturo Vidal ក្រុម Barca បានលើកឡើងក្នុងលក្ខណៈស្រដៀងគ្នានឹងសម្ដីរបស់ Kroos ដែរ ដោយនិយាយថា៖ «ខ្ញុំពេញចិត្តការមានទំនាក់ទំនងជាមួយអ្នកគាំទ្រ ព្រោះជាអ្វីដែលធ្វើឲ្យយើងមានពេលវេលារីករាយជាមួយគ្នា តែយើងនឹងសម្របជាមួយស្ថានភាពនេះឲ្យបាន»។
សម្រាប់ក្របខ័ណ្ឌ La Liga នឹងចាប់ផ្ដើមឡើងវិញ ជាមួយនឹងការប្រកួតសប្ដាហ៍ទី ២៨ របស់ខ្លួន។ បច្ចុប្បន្ន Barca មាន ៥៨ ពិន្ទុ ខណៈ Real មាន ៥៦ ពិន្ទុ៕