ក្លិបអ្នកមានបុណ្យ Barcelona បានបន្តក្ដីសង្ឃឹមរបស់ខ្លួនក្នុងការប្រជែងពាន La Liga ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះ Villarreal ដោយលទ្ធផលយ៉ាងគាប់ប្រសើរ ៤ទល់នឹង១ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ នៅកីឡដ្ឋាន Estadio de la Ceramica។
ក្នុងការប្រកួតនេះ ក្រុមភ្ញៀវ Barca មានឱកាសបើកគណនីនាំមុខមុន តាំងពីនាទីទី៣មកម្ល៉េះ ដែលជាការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារក្រុម Villarreal កីឡាករ Pau Torres ។ ខណៈរំលេងបាន១០នាទីក្រុមម្ចាស់ផ្ទះក៏សងវិញភ្លាមៗ ធ្វើបានតាមរយៈ ខ្សែប្រយុទ្ធ Gerard Moreno។
ក្នុងតង់ទី១នេះដដែល នៅនាទីទី២០ ក្រុមលោក Quique Setien បានធ្វើការនាំមុខសាជាថ្មី ក្រោខ្សែប្រយុទ្ធ Luis Suarez ស៊ុតបាល់កោងពីលើដំបូលទូកបញ្ចូលទីយ៉ាងអស្ចារ្យ។ ជាមួយគ្នានេះ ខិតជិតនឹងផ្លុំកញ្ចែបញ្ចប់៤៥នាទីទៅហើយ ជម្រើសជាតិបារាំង Antoine Griezmann បានបន្ថែមគ្រាប់ទី៣ឲ្យ Barca។
ឈានចូលដល់តង់ទី២ ក្រុមយក្សតំបន់កាតាឡាន់ មិនបានបន្ថយការសម្រុកនោះទេ ជាលទ្ធផលនៅចុងតង់នាទីទី៨៦ ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានស៊ុតបន្ថែមគ្រាប់ទី៤ ក្រោយទទួលបានបាល់ពីកីឡាករ Jordi Alba។
គួរឲ្យដឹងដែរថា កាលពីយប់មិញ ម្ចាស់អាវលេខ១០ក្រុម Barca កីឡាករ Lionel Messi បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី (Assists) បាន២គ្រាប់ម្នាក់ឯង ហើយនេះជាការ Assists លើកទី១៩ហើយរបស់រូបគេក្នុងក្របខណ្ឌLa Liga រដូវកាល២០១៩/២០ ៕