កីឡាកររបស់ក្របខ័ណ្ឌ Bundesliga បានពាក់ក្រណាត់ពណ៌ខ្មៅនៅនឹងដៃព្រមទាំងបានលុតជង្គង់បង្ហាញការគាំទ្រដល់ចលនាតវ៉ាឈ្មោះ Black Lives Matter កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុម Bayern Munich កំពុងតែធ្វើឲ្យក្ដីសង្ឃឹមរបស់ក្រុមគូប្រជែង Borussia Dortmund រលាយបាត់បន្តិចម្ដងៗ ដែលចង់មកធ្វើជាឧបសគ្គរារាំងមិនឲ្យខ្លួនឈ្នះក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ជាលើកទី ៩ ជាប់ៗគ្នានោះ។
ជាមួយនឹងជ័យជម្នះ លើក្រុមម្ចាស់ផ្ទះ Bayer Leverkusen ៤-២ អំឡុងការប្រកួត ដែលលេងដោយបិទទ្វារធ្វើឲ្យ Bayern រក្សាគម្លាតនាំមុខ ៧ ពិន្ទុ លើក្រុមលេខ ២ Dortmund ដែលប្រកួតឈ្នះលើក្រុមភ្ញៀវ Hertha Berlin ១-០ ដែរ ខណៈនៅសល់ ៤ ប្រកួតទៀតនឹងបញ្ចប់ជាស្ថាពរហើយ សម្រាប់ក្របខ័ណ្ឌ Bundesliga រដូវកាល ២០១៩-២០២០ ដែលបានបើកដំណើរការមុនលីកអាជីពល្បីៗដទៃទៀត នៅតំបន់អឺរ៉ុប គិតចាប់តាំងពីបានផ្អាកក្នុងខែមីនា ដោយសារវីរុសកូរ៉ូណា។
បើទោះជាត្រូវក្រុមម្ចាស់ផ្ទះ Leverkusen នាំមុខយ៉ាងលឿន នៅនាទីទី ១០ ដោយកីឡាករ Lucas Alario ក៏ដោយ ក៏មិនធ្វើឲ្យក្រុម Bayern បាក់ស្មារតីនោះឡើយ ហើយទីបំផុត ក៏ស៊ុតបញ្ចូលទី ៣ គ្រាប់ផ្ទួនៗ មុននឹងចប់វគ្គទី ១ ដោយខ្សែបម្រើ ៣ រូប គឺ Kingsley Coman នាទីទី ២៧, Leon Goretzka នាទីទី ៤២ និង Serge Gnabry នាទីទី ៤៥។
ចូលដល់វគ្គទី ២ ក្រុមជើងឯកចាស់ ក៏បានបន្ថែមគម្លាតនាំមុខ ៤-១ នៅនាទីទី ៦៦ ក្រោយខ្សែប្រយុទ្ធ Robert Lewandowski ធ្វើបានសម្រេចគ្រាប់ទី ៣០ នៅរដូវកាលនេះ គឺមុនពេលកីឡាកវ័យក្មេង Florian Wirtz អាចបំប៉ោងសំណាញ់ទីឲ្យក្រុមម្ចាស់ផ្ទះបាន ១ គ្រាប់វិញ នៅនាទីទី ៨៩ ធ្វើឲ្យលទ្ធផលផ្លូវការក្រុម Bayern ប្រកួតឈ្នះ ក្រុម Leverkusen ៤-២។
ក្រោយការប្រកួតបញ្ចប់ទៅ អ្នកដែលរកគ្រាប់ទី ២ ឲ្យក្រុម Bayern គឺកីឡាករ Goretzka និយាយប្រាប់ទូរទស្សន៍ Sky ថា៖ «យើងចាប់ផ្ដើមមិនសូវបានល្អទេ តែខ្ញុំយល់ថា វាពិតជាបានប្រាប់យើងពីភាពខុសគ្នានៅពេលនេះថា យើងអាចធ្វើឲ្យរបៀបលេងរបស់ពួកយើងត្រឡប់មកប្រសើរវិញ»។
ចំណែកឯគ្រូបង្វឹករបស់ក្រុមម្ចាស់ផ្ទះ Leverkusen លោក Peter Bosz បើទោះជាក្រុមខ្លួនបរាជ័យក៏ដោយ ក៏នៅតែនិយាយសរសើរកីឡាករ Wirtz ក្រោយក្លាយជាកីឡាកវ័យក្មេងបំផុតអាយុត្រឹមតែ ១៧ ឆ្នាំ និង ៣៤ ថ្ងៃ ដែលមានលទ្ធភាពរកគ្រាប់បាល់បាននៅក្របខ័ណ្ឌ Bundesliga ពោលគឺបំបែកកំណត់ត្រាចំនួន ៤៨ ថ្ងៃ របស់កីឡាករ Nuri Sahin របស់ក្រុម Dortmund ដែលធ្វើបានកាលពីខែវិច្ឆិកា ឆ្នាំ ២០០៥។
ក្រឡេកមើលការតវ៉ា ដែលរាលដាលពីសហរដ្ឋរដ្ឋអាមេរិកមកដល់តំបន់អឺរ៉ុបពាក់ព័ន្ធនឹងការស្លាប់បុរសស្បែកខ្មៅឈ្មោះ George Floyd ក្រោយប៉ូលិសស្បែកសប្រើជង្គង់សង្កត់កជាច្រើននាទី អំឡុងពេលមានការចាប់ខ្លួនមួយនោះ បានធ្វើឲ្យក្លិបជាច្រើនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានយកការប្រកួតនេះ ធ្វើសេចក្ដីរាយការណ៍រួមប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិស និងការរើសអើងពូជសាសន៍។
ជាក់ស្ដែង ដើម្បីសម្ដែងការគោរពដល់វិញ្ញាណក្ខន្ធរបស់ Floyd មុនការប្រកួតចាប់ផ្ដើមដំណើរការក្រុមទាំងអស់ ក្រៅពីពាក់ក្រណាត់ខ្មៅកាន់ទុក្ខនៅនឹងដៃហើយ គឺកីឡាករទាំងអស់បានលុតជង្គង់ជុំវិញរង្វង់់់មូលមួយភ្លែត មុនចាប់បាល់ ធ្វើការប្រកួត ហើយពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានក្រុម Bayern អ្នកចាំទីដៃទី១ Manuel Neuer ប្រាប់ទូរទស្សន៍ Sky ថា៖ «ក្នុងនាមជាកីឡាករ ពួកយើងតែងតែមានសារដូចគ្នាគឺថា ការអាណិតអាសូរ ហើយពួកយើង កំពុងប្រកាសឲ្យពិភពលោកដឹង»៕