ទីបំផុតជើងឯកនៃក្របខ័ណ្ឌ Bundesliga របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានរកឃើញហើយ គឺក្រុម Bayern Munich ក្រោយម្ចាស់ជើងឯកចាស់មួយនេះ បានយកឈ្នះក្រុមម្ចាស់ផ្ទះ Werder Bremen ១-០ អំឡុងការប្រកួតកាលពីយប់ថ្ងៃអង្គារ ហើយខណៈក្រុម ១ កំពុងរីករាយនឹងការលើកពាន ក្រុម ១ ទៀត គឺ Paderborn កំពុងកើតទុក្ខដោយសារមិនអាចបន្តជីវិតរស់នៅលីកកំពូលនេះបានទៀតទេ។
ការស៊ុតបាល់ក្នុងលម្ហ (volley) យ៉ាងស្អាតបានសម្រេច ១ គ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski នៅនាទីទី ៤៣ គ្រប់គ្រាន់ជួយឲ្យក្រុម Bayern ក្លាយជាម្ចាស់ពានរង្វាន់លីកទី១ នេះ ៨ រដូវកាលជាប់ៗគ្នា បើទោះជាការប្រកួតនៅសល់ ២ ដងទៀត ទើបបញ្ចប់ជាស្ថាពរក៏ដោយ ព្រោះថា ៣ ពិន្ទុ ដែលបានពីការប្រកួតនេះ នាំឲ្យពួកគេនាំមុខដាច់ ១០ ពិន្ទុ លើក្រុមលេខ ២ Borussia Dortmund ដែលប្រកួតតិចជាង ១លើក ហើយបើទោះជាក្រុមគូប្រជែងពាននេះ លេងឈ្នះ ឬចាញ់ ក៏តាមពិន្ទុមិនទាន់ដែរ។
គ្រូបង្វឹក លោក Hansi Flick ដែលឈ្នះពានជាមួយ ក្រុម Bayern នៅរដូវកាលដំបូងរបស់ខ្លួននិយាយថា៖ «គ្រប់យ៉ាងបរិបូរណ៍សម្រាប់ក្រុម វាជារឿងអស្ចារ្យ ដែលយើងសម្រេចបានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ថ្ងៃនេះគ្មានអ្វីគួរឲ្យរិះគន់ឡើយ អ្នកត្រូវតែមើលឲ្យឃើញពីវិធី ដែលកីឡាករទាំងអស់ធ្វើបាននៅលើទីលាន។ កីឡាករ និងគ្រូបង្វឹក គ្រាន់តែបានរួមគ្នាជាធ្លុងមួយ»។
ដោយឡែកក្រុមបាតតារាង Paderborn ត្រូវធ្លាក់ទៅលេងលីកលំដាប់ទី២ ហើយ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Union Berlin ១-០ ព្រោះថា បើទោះជាឈ្នះ ២ ប្រកួតចុងក្រោយក៏ដោយ ក៏មិនអាចមានពិន្ទុឡើងផុតទៅដល់ចំណាត់ថ្នាក់សុវត្ថិភាពដែរ ដោយសារ ៣២ សប្ដាហ៍កន្លងទៅ មានតែ ២០ ពិន្ទុ ខណៈក្រុមនៅពីលើខ្លួនមានពី ២៨ ពិន្ទុឡើងទៅ។
ក្រោយក្រុមខ្លួនមិនអាចបង្ហាញវត្តមាននៅក្របខ័ណ្ឌ Bundesliga បន្តទៀតបានប្រធានក្រុម Paderborn កីឡាករ Christian Strohdiek បាននិយាយថា៖ «នៅពេលការខកចិត្តរសាយបាត់បន្តិចម្ដងៗ យើងនឹងចាប់ផ្ដើមមានមោទនភាពនូវអ្វីដែលពួកយើងសម្រេចបានប៉ុន្មានឆ្នាំចុងក្រោយនេះ»។
បើទោះជា នៅសល់ការប្រកួត ២ ដង ទើបចប់រដូវកាលរបស់ខ្លួនក៏ដោយក៏អាចចាត់ទុកបានថា ក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ គឺលីកកំពូលដំបូងគេ នៅអឺរ៉ុបដែលចាប់ផ្ដើមដំណើរការឡើងវិញ ក្រោយផ្អាកដោយសារការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ទទួលបានជោគជ័យទាំងស្រុងហើយ ក្រោយរកឃើញក្រុមជើងឯកនេះ ខណៈដែលអ្វីនៅសល់ គឺការប្រជែងគ្នារបស់ក្រុមដែលចង់បានកៅអីទៅលេងក្របខ័ណ្ឌអឺរ៉ុប និងក្រុមដែលចង់គេចពីការត្រូវបានកាត់ចោលប៉ុណ្ណោះ៕