Benzema និង Asensio ស៊ុតម្នាក់១គ្រាប់ជួយ R.Madrid រក្សាតំណែងកំពូលតារាង

0
672

ក្លិបអធិរាជស Real Madrid សង្ឃឹមកាន់តែខ្ពស់ក្នុងការលើកពាន ក្របខណ្ឌ​ La Liga រដូវកាល២០១៩/២០ ក្រោយយកឈ្នះក្រុម Deportivo Alaves កាលពីយប់មិញ ក្នុងលទ្ធផល២ទល់នឹង០ នៅកីឡដ្ឋាន Alfredo Di Stefano។

២គ្រាប់របស់ក្រុមលោក Zinedine Zidane រកបានដោយកីឡាករ២រូបផ្សេងគ្នា ក្នុងនោះគ្រាប់ទី១កើតឡើងនៅតង់ទី១ នាទីទី១០ ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រ របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema។ ចំណែកឯគ្រាប់ទី២ កើតឡើងនៅនាទីទី៥០ សម្រចទីដោយខ្សែ្រយុទ្ធទើបជាពីរបួស Marco Asensio ក្រោយទទួលបានបាល់ពីដៃគូយល់ចិត្ត Benzema។

យ៉ាងណាមិញ ២គ្រាប់នេះ បានធានាកៅអីរបស់ Real Madrid ក្នុងការបន្តឈរកំពូលតារាង La Liga សប្ដាហ៍ទី៣៥ ដាច់ពិន្ទុក្រុមលេខ២ Barcelona ចំនួន៤ពិន្ទុ ដូច្នេះប្រសិនក្រុមលោក Zidane ឈ្នះតែ២ប្រកួតទៀត នោះពួកគេនឹងមានសិទ្ធគ្រប់គ្រាន់ ក្នុងការលើកពានលីគកំពូលអេស្ប៉ាញរដូវកាលនេះហើយ។

ដោយឡែកសម្រាប់ក្រុម Deportivo Alaves វិញ ក្រោយបរាជ័យក្រោមថ្វីជើង Real Madrid បានធ្វើឲ្យពួកគេ ធ្លាក់ទៅឈរក្បែរតំបន់ ដែលត្រូវគេកាត់ចោលទៅលេងនៅលីគលំដាប់ទី២ ពោលគឺនៅលេខរៀងទី១៧ មានគម្លាតតែ៣ពិន្ទុប៉ុណ្ណោះ ពីក្រុមលេខ១៨ Mallorca៕