ភាព​វៃ​ឆ្លាត​របស់​ Benzema ជួយ​ឲ្យ Real នាំ​មុខ​ដាច់ ​២ ​ពិន្ទុ

0
573

ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​សរសើរ​នូវ​ភាព​វៃ​ឆ្លាត​របស់​គេ ដែល​បាន​បញ្ជូន​បាល់​ដោយ​ការ​ប្រើ​កែង​ជើង បង្កើត​ឱកាស​ឲ្យ​​មិត្ត​រួម​ក្រុម Casemiro ​ស៊ុត​បញ្ចូលទី ជួយ​ក្រុម​ Real Madrid ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Espanyol ១-០ អំឡុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម​អធិរាជ​សឈរ​ទី​កំពូល​តារាង​ក្របខ័ណ្ឌ La Liga ដោយ​​នាំ​មុខ​ដាច់ ២ ​ពិន្ទុ លើ​ក្រុម Barcelona ដែល​បាត់​ពិន្ទុ ដោយសារ​ប្រកួត​ស្មើ​ជាមួយ​ Celta Vigo ២-២​។​

គ្រាប់​បាល់​ជ័យ​ជម្នះ​របស់​ក្រុម​លោក​ Zinedine Zidane នេះ កើត​ឡើង​នៅ​ចុង​វគ្គ​ទី​១ ពោល​គឺ​នាទីទី ​៤៥+១ ពេល​ដែល​កីឡាករ​សញ្ជាតិ​បារាំង Benzema បញ្ជូន​បាល់​ដោយ​កែង​ជើង​យ៉ាង​អស្ចារ្យ​តាម​ប្រឡោះ​ជើង​ខ្សែ​ការពារ Bernardo Espinosa ដែល​តាម​បិទ​ខ្លួន ហើយ​ខ្សែ​បម្រើ​​ Casemiro រត់​ទៅ​ផ្ដួល​ខ្លួន​ធាក់​បាល់​បញ្ចូល​ទី​។

ក្រោយ​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច​ហើយ កីឡាករ​ Casemiro រត់​តម្រង់​​ទៅ​កាន់​កីឡាករ Benzema ដើម្បី​ធ្វើ​ការ​អរគុណ​ចំពោះ​ការ​បញ្ជូន​បាល់​ដ៏វៃ​ឆ្លាត​នេះ ហើយ​ក្នុង​កិច្ចសម្ភាសន៍ កីឡាករ​វ័យ ​២៨ ​ឆ្នាំ​បាន​ប្រាប់​ថា​៖ «​គ្រាប់​បាល់​នេះ ជា​របស់​ Benzema​។ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​អបអរ​ជាមួយ​គាត់ ព្រោះ​វា​កើត​ឡើង​ដោយសារ​គាត់​មាន​ភាព​ឈ្លាសវៃ​»​។

ចំណែក​គ្រូ​បង្វឹក លោក​ Zidane បាន​បន្ថែម​​ពី​លើ​សម្ដី​របស់​កូន​ក្រុម​ខ្លួន​ថា​៖ «​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​នូវ​អ្វី ដែល Benzema ធ្វើ​បាន​នោះ​ទេ គេ​គឺ​ជា​កីឡាករ​ម្នាក់ ដែល​តែង​បន្ត​បង្កើត​ឲ្យ​នូវ​ឱកាស​ជាច្រើន​ នៅ​លើ​ទីលាន ហើយ​ការ​គ្រប់គ្រង និង​កែង​ជើង​របស់​គាត់ គឺ​ពូកែ​ឥត​ទាស់​។ នេះ​អាច​ជា​ការ​លេង​ដ៏​ល្អ​បំផុត​ប្រចាំ​រដូវកាល​ផង​ក៏​ថា​បាន​»​។

កីឡាករ​របស់​ក្រុម Real ទាំង​អស់ បាន​រត់​មក​ឱប​គ្នា ពេល​សម្លេង​កញ្ចែ​បន្លឺ​ឡើង បញ្ជាក់​ថា ការ​ប្រកួត​បញ្ចប់​ជាផ្លូវ​ការ ហើយ​ការ​ឈ្នះ ៥ ​លើក​ជាប់ៗ​គ្នា​នេះ ធ្វើ​ឲ្យ​ពួកគេ​មាន ៧១ ​ពិន្ទុ ក្រោយ​បញ្ចប់​ការ​ប្រកួត ៣២ ​ដង ខណៈ​ក្រុម​គូ​ប្រជែង​ដ៏​ស្រួចស្រាវ Barca មាន​ ៦៩ ​ពិន្ទុ ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​ ២​៕