Chelsea និង Arsenal អាចទិញជម្រើសជាតិអាហ្សង់ទីនរូបនេះ ក្នុងតម្លៃ ២២,៤លានផោន

0
598

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបយក្សហូឡង់ Ajax Amsterdam បានដាក់តម្លៃខ្លួនខ្សែការពារស្លាបឆ្វេងកីឡាករ Nicolas Tagliafico ក្នុងតម្លៃត្រឹម ២២,៤លានផោន (ឬប្រមាណ២៧,៤លានដុល្លារ) ប៉ុណ្ណោះ។

ក្នុងរយៈពេល២រដូវកាលចុងក្រោយ ជម្រើសជាតិអាហ្សង់ទីនរូបនេះ ត្រូវបានគេចាត់ទុកជាខ្សែការពារស្លាបឆ្វេងដ៏លេចធ្លោមួយរូបនៅតំបន់អឺរ៉ុប តួយ៉ាងចាប់តាំងពីគេរួមចំណែកជួយ Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League រដូវកាលមុនមក។

យ៉ាងណាមិញ Tagliafico ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតលើរ៉ាដារបស់ក្លិបយក្សចំនួន៤នៅតំបន់អឺរ៉ុប ក្នុងនោះរួមមាន ក្លិប Chelsea, Arsenal, Barcelona និង Atletico Madrid។

ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Telegraph ទន្ទឹមនឹងក្លិបធំៗជាច្រើនចង់បាន Ajax មានគម្រោងបញ្ចេញ ខ្សែការពារស្លាបឆ្វេងវ័យ២៧ឆ្នាំ ក្នុងតម្លៃត្រឹម២២,៤លានផោន។

យ៉ាងណាក៏ដោយ ក្លិបនៅ Premier League ទាំងពីរ ត្រូវបានគេមើលឃើញថា ហាក់មានភាគរយខ្ពស់ជាង ក្លិប Barcelona និង At. Madrid ក្នុងការប្រជែងម្ចាស់អាវលេខ៣១របស់ Ajax ដោយសារតែសាមីខ្លួនធ្លាប់បង្ហើបប្រាប់ថា ចង់ភ្លក់រសជាតិនៅលីគកំពូលអង់គ្លេស។

Tagliafico បាននិយាយពីរឿងខាងលើលម្អិត យ៉ាងដូច្នេះថា៖

Ajax គឺជាក្លិបដ៏អស្ចារ្យមួយ ប៉ុន្តែជាក់ស្ដែងក្ដីសុបិនរបស់កីឡាករ គឺតែងប្រាថ្នា ទៅលេងនៅលីគដែលធំជាងគេបំផុត ហើយបច្ចុប្បន្នមានតែ Premier League ទេដែលជាលីគមានការប្រកួតប្រជែងខ្លាំងជាងគេ ស្ថិតនៅកម្រិតលើ Serie A និង La Liga ៕