Man UTD ត្រៀមដាក់សំណើផ្ទេរយក Ferran Torres ដែលជាគោលដៅរបស់ Liverpool

0
800

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United កំពុងរៀបចំដាក់សំណើផ្ទេរយកខ្សែបម្រើប្រយុទ្ធរបស់ក្រុម Valencia កីឡាករ Ferran Torres នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។

កីឡាករវ័យ២០ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ក្នុងរដូវកាល ២០១៩/២០នេះ។ ជាក់ស្ដែង ក្នុងចំណោមការបង្ហាញខ្លួន៣៥ប្រកួត ឲ្យក្រុមរហស្សនាម ប្រជៀវខ្មៅ គេស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៧ដង។

ជាមួយគ្នានេះ អនាគតរបស់ Torres កំពុងស្ថិតក្នុងភាពច្បាស់លាស់ ដោយសារតែកុងត្រារបស់គេ នៅកីឡដ្ឋាន Mestalla Stadium នឹងផុតកំណត់នារដូវក្ដៅឆ្នាំក្រោយ។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត Fichajes ទន្ទឹមនឹង Torres ខិតជិតដល់ផ្លូវបែក ជាមួយ Valencia ក្រុម Man UTD គ្រោងឆ្លៀតយកឱកាសនេះ ដាក់សំណើផ្ទេរយកខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញ នៅពេលទីផ្សារដោះដូរបើកទ្វារម្ដងទៀត។

គួរឲ្យដឹងដែរថា Man UTD ទំនងត្រូវប្រឈមជាមួយនឹងក្លិបយក្សចំនួន៣ទៀតក្នុងការប្រជែងយក ម្ចាស់អាវលេខ២០របស់​ Valencia រូបនេះ ដោយផ្អែកទៅលើរបាយការណ៍ កាលពីពេលថ្មីៗកន្លងទៅ Torres ក៏ជាគោលដៅរបស់ Liverpool, Real Madrid និង Barcelona ផងដែរ៕