De Bruyne ថានឹងយកពាន៣ឲ្យ Man City នៅរដូវកាលនេះ ក្រោយរបូតពាន Premier League ឲ្យទៅ Liverpool

0
624

ខ្សែបម្រើ Kevin De Bruyne បានលើកឡើងថារដូវកាលនេះអាចនឹងជារដូវកាលមាសរបស់ Manchester City ប្រសិនបើសិនជាក្លិបមួយនេះខិតខំប្រឹងប្រែងយកពាន២ទៀតឲ្យបាន ពោលគឺពាន UEFA Champions League និង​ពាន FA Cup ។

គួរបញ្ជាក់ដែរថាក្លិប Man City បានឈ្នះពាន១រួចមកហើយនៅរដូវកាលនេះគឺពាន Carabao Cup (ឬ League Cup) ប៉ុន្តែក៏កំពុងតែឈឺចិត្តមិនស្ទើរដែរ ក្រោយរបូតពាន Premier League ឲ្យទៅក្លិបហង្សក្រហម Liverpool ទាំងនៅសល់៧ប្រកួតទៀត។

ក្លិបរបស់លោកគ្រូបង្វឹក Pep Guardiola នៅសល់ការប្រកួតសំខាន់ៗជាច្រើនទៀតនៅរដូវកាលនេះ ពោលគឺពួកគេនឹងត្រូវជួបជាមួយក្លិប Newcastle United នៅថ្ងៃអាទិត្យនេះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup និងខែក្រោយត្រូវទៅជួបនឹងក្រុម Real Madrid នៅជើងទី២នៃវគ្គ១៦ក្រុមចុងក្រោយពាន​រង្វាន់ Champions League ។

យើងនៅសល់ពាន២ទៀតនៅរដូវកាលនេះដើម្បីប្រជែងយកគឺ FA Cup និង Champions League ហើយពួកយើងក៏មានសង្ឃឹមច្រើនដែរក្នុងការឈ្នះវា។ សាកស្រមៃមើលទៅ បើសិនជាយើងអាចឈ្នះពានទាំង២នោះទៀត រដូវកាលនេះ វានឹងក្លាយទៅជារដូវកាលមាសរបស់យើង ដោយយើងអាចឈ្នះពាន៣ធំៗក្នុង១រដូវកាល។ ជាការពិតយើងមិនសប្បាយចិត្តនោះទេនៅពេលដែលក្លិបរបស់យើងមិនអាចឈ្នះពាន Premier League បាននោះ ប៉ុន្តែយើងទទួលស្គាល់ថាក្លិប Liverpool លេងបានល្អជាងពួកយើងនៅរដូវកាលនេះ។

ជាក់ស្តែង នៅក្នុងរដូវកាល ២០១៩/២០ កីឡាករជម្រើសជាតិប៊ែលហ្សិករូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះដោយរកបាន១១គ្រាប់ និងបោះបាល់ឲ្យដៃគូរកគ្រាប់បានរហូតដល់ទៅ១៩ដង៕