ខ្សែ​បម្រើ​ Willian និង Pedro ​ តកុង​ត្រា​ជាមួយ​តោ​ខៀវ​ដល់​ចប់​រដូវកាល​

0
630

ខ្សែ​បម្រើ​ស្លាប ២​ រូប គឺ​ Willian និង Pedro បាន​ព្រម​ព្រៀង​បន្ត​កិច្ច​សន្យា​ជាមួយ​ក្លិប​តោ​ខៀវ​ Chelsea ​ដល់​យុទ្ធនាការ​នៃ​រដូវ​កាល​នេះ បញ្ចប់​សព្វ​គ្រប់​។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​សំណាក់​ក្លិប​នៅ​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​។

ទាំង​កីឡាករ​ប្រេស៊ីល Willian និង​កីឡាករ​អេស្ប៉ាញ Pedro អាច​ដើរ​ចេញ​ពី​ក្លិប​តោ​ខៀវ​បាន នៅ​ថ្ងៃ​ទី​ ៣០ ខែ​មិថុនា​ នេះ ព្រោះ​កិច្ច​សន្យា​ចាស់​របស់​ពួកគេត្រូវ​អស់សុពលភាព តែ​ពេល​នេះពួកគេ​ទាំង ​២​ នាក់ បាន​សម្រេច​ចិត្ត​នៅ​ជួយ​គ្រូបង្វឹក លោក Frank Lampard រហូត​ដល់​ការ​ប្រកួត​ប្រជែង ត្រូវបាន​បញ្ចប់​ទាំង​ស្រុង​តែ​ម្ដង​។​

«​ដោយសារ​វិបត្តិ​ជា​សកល និង​ការ​បញ្ចប់​រដូវកាល​ ដែល​ត្រូវ​បាន​ពន្យារបន្ត​បន្ទាប់​ ក្លិប​នៅ​ក្របខ័ណ្ឌ​ Premier League ទាំង​អស់ បាន​ព្រម​ព្រៀង​គ្នា​ជាឯកច្ឆន្ទអនុ​ញ្ញាតិឲ្យមាន​ការ​បន្ត​កិច្ច​សន្យា​រយៈពេល​ខ្លីជាមួយ​កីឡាករ​ទាំង​ឡាយ​ណា ដែល​កុង​ត្រា​របស់​ពួកគេ នឹង​ផុត​នៅ​ដំណាច់​ខែ​នេះ​»​។ នេះ​ជា​ការ​ប្រកាស​ប្រាប់​ពី​សំណាក់​ក្លិប Chelsea កាល​ពី​ថ្ងៃ​អង្គារ​។

សេចក្ដី​ប្រកាស​របស់​ក្លិប ​ដែល​មាន​ទីតាំង​នៅ​ក្រុង​ឡុង​ដ៍​មួយ​នេះ​ បាន​បន្ត​ទៀត​ថា​៖ «​កីឡាករ Willian និង Pedro ស្ថិត​នៅ​ក្នុង​ចំណោម​កីឡាករ​ដែល​ជិត​ផុតកុង​ត្រា​ហ្នឹង​ដែរ តែ​ពេល​នេះ ក្លិប និង​អ្នក​ទាំង​ ២ បាន​យល់​ព្រម​ជាមួយ​គ្នា​បន្ត​កិច្ច​សន្យា​រហូត​ដល់​បញ្ចប់​រដូវកាល​នេះ​ទាំង​ស្រុង។ នេះ​មាន​ន័យ​ថា ពួក​គេនឹង​មាន​វត្តមាន​សម្រាប់​ការ​ប្រកួតដែល​នៅសល់នៃ​ក្រប​ខ័ណ្ឌ Premier League ឆ្នាំ ២០១៩-២០២០ ក៏ដូច​ការ​ប្រកួត​ពាន​​ FA Cup និង Champions League ផង​ដែរ​»​។​

Willian បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្រុម Chelsea​ រដូវ​កាល​នេះ ខណៈ Pedro ភាគ​ច្រើន​ជាកីឡាករ​បម្រុង។ បច្ចុប្បន្ន ក្រុម​ Chelsea កំពុង​ឈរ​លេខ​៤ ក្នុងតារាង​ពិន្ទុ​លីក​កំពូល​របស់​ប្រទេស​អង់គ្លេស ខណៈ​ក្នុង​កម្មវិធីប្រកួត​ដណ្ដើម​ពាន​មួយ​ទៀត គឺ​ FA Cup ត្រូវប៉ះ​ជាមួយ Leicester ក្នុង​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ​ នៅ​ថ្ងៃ​អាទិត្យ ហើយ​នៅ​ក្រប​ខ័ណ្ឌ​អឺរ៉ុប Champions League ក៏​ត្រូវ​ទៅ​ប្រឈម​ជាមួយ Bayern Munich ក្នុង​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ ដែល​កាលពី​ជើង​ទី​១ ប្រកួត​ចាញ់​ក្រុម​របស់​អាល្លឺម៉ង់​មួយ​នេះ ៣-០​៕