ចាឌិន សានចូ (Jadon Sancho) ជាកីឡាករអន្តរជាតិអង់គ្លេសទទួលបានកាត់លឿង បន្ទាប់ពី លាត់អាវបង្ហាញអក្សរដែលសរសេរថា “យុត្តិធម៌សម្រាប់ ចច ហ្ល្វយ” ខណៈពេលអបអរគ្រាប់ បាល់ជាមួយក្រុម ឌ័ម៉ាន់(Dortmund) អំឡុងពេលលេងជាមួយក្រុមប៉ាឌឺប៊ឺន( Paderborn) កាលពីថ្ងៃអាទិត្យ។
ខ្សែបម្រើស្លាបរូបនេះរកបានគ្រាប់បាល់បីគ្រាប់ម្នាក់ឯងក្នុងជំនួបនេះ ហើយបានដោះអាវចេញ បន្ទាប់ពីរកបានគ្រាប់បាល់ដំបូង ដោយបង្ហាញសារគាំទ្រដល់ចលនាដែលគេដាក់ឈ្មោះថា “Black Lives Matter” ។
មន្ត្រីអាជ្ញាកណ្តាល ដានីញែល សៀបឺត (Daniel Siebert) បានលើកកាតលឿងដាក់ សានចូ ដោយសារតែដោះអាវចេញ។ កីឡាករវ័យ២០ឆ្នាំរូបនេះរកបាន២គ្រាប់បន្ថែមទៀតលើគ្រាប់ បាល់ទី១ប៉ុន្តែសម្រេចមិនបង្ហាញសារនេះជាថ្មីដោយសារតែអាចប្រឈមនឹងការបណ្តេញ ចេញ។
សានចូ បានបង្ហោះសារតាមអ៊ីនស្តាក្រាមថា “យើងមិនគួរខ្លាចរអាក្នុងការនិយាយអ្វីដែលជា រឿងត្រឹមត្រូវនោះទេ។ យើងត្រូវរួមគ្នាជាសំឡេងតែមួយនិងតស៊ូ ដើម្បីយុត្តិធម៌។ យើងរឹងមាំ ទាំងអស់គ្នា”។
ការអបអររបស់ សានចូ កើតមានតែប៉ុន្មានម៉ោង បន្ទាប់ពីខ្សែប្រយុទ្ធ ម៉ាគូស ធូរ៉ាម (Marcus Thuram) របស់ក្លិប Monchengladbach បានលត់ជង្គង់ចុះជាការគាំទ្រដល់ចលនានេះ បន្ទាប់ពីរកបានគ្រាប់បាល់ អំឡុងការប្រកួតជាមួយក្រុម យូញៀន ប៊ែរលីន(Union Berlin) ។
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ គឺជាកូនប្រុសរបស់លោក លីលៀន ធូរ៉ាម (Lillian Thuram) ជាអតីតកីឡាករជម្រើសជាតិបារាំងនិងម្ចាស់មេដាយមាសវើលខាប់ ហើយដែលជាសកម្មជន ប្រឆាំងការរើសអើងពូជសាសន៍ចាប់តាំងពីចំណាយពេលជាមួយក្លិប Monaco, Parma, Juventus និង Barcelona ៕