សេះ​បង្កង់ Juventus ភ្លាត់​ស្មើ ទោះនាំ​មុខ ២-០ មុន

0
617

សេះ​បង្កង់ Juventus (Juve) ក្រុម​ដែល​កំពុង​មាន​ពិន្ទុ​នាំ​មុខ​គេ ក្នុង​តារាង​ក្របខ័ណ្ឌ Serie A អ៊ីតាលី កំពុង​បន្ត​ដំណើរ​រាង​រអាក់​រអួល​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ពាន​រង្វាន់​លីក ៩​ រដូវ​កាល​ បន្ត​បន្ទាប់​គ្នា ដោយសារ​ពួក​គេ​បាន​ខ្ជះខ្ជាយ​​ឱកាស​ ដែល​ខ្លួន​បាន​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ Sassuolo ២-០ តែ​ចុង​ក្រោយ​បាន​ត្រឹម​ស្មើ ៣-៣​ អំឡុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ពុធ។

ក្រុម Juve ពេល​នេះ មាន ៧ ​ពិន្ទុ នាំ​មុខ​ដាច់​ក្រុម​លេខ ​២ Atalanta ដែល​ទើប​បាន​បំបាក់​ក្រុម​លេខ ​២ រាប់​ពី​ក្រោម​ Brescia ៦-២ ជាមួយ​នឹង​ការ​ប្រកួត​នៅ​សល់​ ៥ ​លើក​ទៀត តែ​ក្រុម​ដែល​មាន​លោក Maurizio Sarri ជា​គ្រូ​បង្វឹក​មួយ​នេះ សម្រាប់​ការ​ប្រកួត ៣ ​ដង​ចុង​ក្រោយ ដណ្ដើម​បាន​ត្រឹម ២ ​ពិន្ទុ​ប៉ុណ្ណោះ។​

ក្រោយ​ទទួល​បាន​លទ្ធផល​មិន​គួរ​ជាទី​គាប់​ចិត្ត អ្នក​ដឹកនាំ​ក្រុម​ Juve លោក​ Sarri បាន​និយាយ​ថា​៖ «​គ្រូបង្វឹក​ម្នាក់ ត្រូវ​ការ​ភាព​នឹងនរ តែ​នៅ​ពេល​នេះ យើង​អត់​មាន​ទាំង​អស់​មិន​ថា ផ្នែក​រាង​កាយ និង​ផ្លូវ​ចិត្ត​។ យើង​មាន​ពេល​​ល្អៗ​ ដែល​ឆ្លាស់​គ្នា​ជាមួយ​នឹង​ពេល​​ដ៏​លំបាក​។ វា​គួរ​តែ​និយាយ​បាន​ថា យើង​កំពុង​ប្រឈម​ជាមួយ​ក្រុម ដែល​ឈាន​ដល់​កម្រិត​កំពូល ដូច​ជា​ក្រុម Atalanta និង Sassuolo នេះ។ យើង​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ឡើង​ចុះ​នេះ​ឲ្យ​បាន​»​។

សម្រាប់​ការ​ប្រកួត​លើក​ទី ៣៣ នេះ ក្រុម​សេះ​បង្កង់ គួរ​ណាស់​តែ​ជា​ភាគី ដែល​ស្ពាយ​ ៣ ពិន្ទុ ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ក្រោយ​កីឡាករ​ទៅ​ពី​​អាមេរិក​ឡាទីន​ ២ ​រូប គឺ​ខ្សែ​ការពារ​ប្រេស៊ីល​​ Danilo និង​ខ្សែ​ប្រយុទ្ធ Gonzalo Higuain របស់​អាហ្សង់ទីន​មាន​ឱកាស​បំប៉ោង​សំណាញ់​ទី​សម្រេច​​ម្នាក់ ១ ​គ្រាប់ ជួយ​ឲ្យ​ក្រុម​នាំ​មុខ ២-០ តាំង​ពី ១២ ​នាទី​ដំបូង​នៃ​វគ្គ​ទី ១ ម្ល៉េះ។

បើ​ទោះ​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​ដល់​ទៅ ២ គ្រាប់ ក៏​ក្រុម​ Sassuolo មិន​បាន​បាក់​កម្លាំង​ចិត្ត​នោះ​ឡើយ ដោយ​បាន​ធ្វើ​ការ​សម្រុក​ជា​ញឹកញាប់ ដើម្បី​រក​ឱកាស​ស៊ុត​បញ្ចូល​ទី​ឲ្យ​បាន​វិញ ហើយ​​ទី​បំផុត ក៏​ធ្វើ​​បាន​សម្រេច​មែន ដោយ​កីឡាករ​​​ Filip Djuricic នៅ​នាទីទី ​២៩ ធ្វើ​ឲ្យ​ចប់​វគ្គ​ទី​១ ក្រុម​ម្ចាស់​ផ្ទះ​តាម​ពី​ក្រោយ ១-២​។

ក្រុម​យក្ស​ទៅ​ពី​ក្រុង​ទូរីន បើ​ទោះ​បាន Giorgio Chiellini ​ខ្សែ​ការពារ​ដ៏​រឹងមាំ​ត្រឡប់​មក​វិញ តែ​ក៏​នៅ​មាន​ភាព​ខ្សោយ​សម្រាប់​តំបន់​ការពារ​ដដែល​ ដោយ​គិត​លើ​ការ​ប្រកួត ៥ ​លើក​ចុង​ក្រោយ​ ពួក​គេ​របូត​គ្រាប់​បាល់​ដល់​ទៅ ១១ ​គ្រាប់​ហើយ ហើយ​ជាក់​ស្ដែង​វគ្គ​ទី​ ២ នៃ​ការ​ប្រកួត​នេះ ត្រឹម​តែ ៩ ទៅ ​១០ នាទី​ប៉ុណ្ណោះ ក៏​របូត​គ្រាប់​បាល់​ ២ គ្រាប់ ដែល​ស៊ុត​ដោយ​កីឡាករ Domenico Berardi និង Francesco Caputo ដោយ​ធ្វើ​ឲ្យ​ការ​នាំ​មុខ ២-០ ក្លាយ​ទៅ​ជា​តាម​ពី​ក្រោយ​​ ៣-២ វិញ​ តែ​សំណាង​ល្អ នៅ​នាទីទី ​៦៤ ខ្សែ​ការពារ​ឆ្វេង Alex Sandro ឡើង​ទៅ​តែត​បាល់​ជ្រុង​សម្រេច​ឲ្យ​ក្រុម​តាម​ស្មើ​ ៣-៣ វិញ​។

សម្រាប់​ការ​​ប្រកួត​បន្ទាប់​ ក្រុម​ Juve ក៏​រឹត​តែ​មិន​ងាយ​ស្រួល​ឡើយ បើ​ទោះ​ជា​នៅ​ទឹក​ដី​ខ្លួន​ឯង​ក៏​ដោយ ព្រោះ​ត្រូវ​ប្រឈម​ជាមួយ​នឹង​ក្រុម Lazio ដែល​ដំបូង​ឡើយ ជា​ក្រុម​មាន​សិទ្ធិ​ប្រជែង​ជើងឯក តែ​ចាប់​តាំង​ពី​លីក​កំពូល ដំណើរ​ការ​ឡើង​វិញ កាល​ពី​ចុង​ខែ​មុន ហាក់​ដូច​ជា​ធ្លាក់​ទម្រង់​លេង​ជាង​មុន​ឆ្ងាយ ដោយ​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទី​២ មក​នៅ​ទី៣ វិញ ហើយ​អាច​នឹង​ត្រូវ​រំកិល​មក​ក្រោម ១ លេខ​ទៀត បើ​សិន​ជា​ក្រុម​​ Inter Milan ប្រកួត​ឈ្នះ​ក្រុម SPAL​។

តែ​យ៉ាង​ណា លោក Sarri បាន​និយាយ​បន្ថែម​ចុង​ក្រោយ​ថា៖ «ពេល​នេះ យើង​មិន​ត្រូវ​ខ្វល់​ពី​លទ្ធផល​ពេក​នោះ​ទេ ត្រឹម​តែ​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​ពី ១ លើក​ ទៅ ​ ១​ លើក ​បាន​ហើយ​»​៕