សេះបង្កង់កំពុងបើកកិច្ចចរចារយក ខ្សែប្រយុទ្ធ Alexandre Lacazette ពីក្លឹបArsenal

0
579

យោងតាមប្រភពព័ត៌មានក្នុងប្រទេសបារាំងបានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus បានចាប់ផ្ដើមបើកកិច្ចចរចាជាមួយនឹងតំណាងរបស់ខ្សែប្រយុទ្ធ Alexandre Lacazette ហើយ ជុំវិញការផ្ទេរម្ចាស់អាវលេខ៩របស់ Arsenal រូបនេះ មកកាន់ទឹកដីអ៊ីតាលីនៅទីផ្សាររដូវក្ដៅដ៏ខ្លីខាងមុខ។

ជម្រើសជាតិបារាំងរូបនេះ បានផ្ទេរពីក្លិប Lyon មកកាន់កីឡដ្ឋាន Emirates កាលពី៣ឆ្នាំមុន ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាប្រចាំក្លិប Arsenal ៥២លានផោន (ឬប្រមាណ៦៥លានដុល្លារ)។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ​បង្ហាញទម្រង់លេងបានល្អគួរសម ក្នុងរដូវកាលនេះ ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួន ៣៥ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់ គេស៊ុតបាន១២គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង។

ជា​មួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Le10Sport ក្លិប Juventus ពេញចិត្តនឹងទម្រង់លេងរបស់ Lacazette ដោយកំពុងធ្វើការចរចាជាមួយតំណាងរបស់កីឡាកររូបនេះអស់រយៈពេល ៣ទៅ៤ថ្ងៃមកហើយ ទាក់ទិនទៅនឹងការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិបារាំង នៅពេលទីផ្សាររដូវក្ដៅបើកទ្វារ។

គួរឲ្យដឹងដែរថា Lacazette នៅជាប់កុងត្រាជាមួយ​Arsenal រហូតដល់ឆ្នាំ២០២២ ឯណោះ ខណៈមិនមែនមានតែ Juventus ទេចង់បាន ក្នុងនោះក្លិបយក្សអេស្ប៉ាញ Atletico Madrid ត្រូវបានគេរាយការណ៍មកថា​ ក៏បានដាក់គោលដៅតាមប្រមាញ់យកអតីតជើងសុទ្ធក្រុម Lyon រូបនេះផងដែរ៕