ឈុត Leicester City សម្រាប់រដូវកាលឆ្នាំ២០២០/២១ ដែលមានភ្ជាប់ជាមួយពាក្យស្លោក “ប្រទេសថៃញញឹមជាមួយអ្នក – Thailand Smiles with You” ត្រូវបានចូលរួមសម្ពោធដោយឥស្សរជនសំខាន់ៗរបស់ប្រទេសថៃ ដោយក្នុងនោះមានលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ផងដែរ។
វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលថៃរូបនេះគឺដោយសារតែ ការសម្ពោធយុទ្ធនាការ “ប្រទេសថៃញញឹមជាមួយអ្នក” ដែលជាយុទ្ធនាការដើម្បីលើកទឹកចិត្តសហគមន៍អន្តរជាតិឲ្យជម្នះនឹងជំងឺកូវីដ-១៩។
ក្រៅពីនេះអាវ Leicester ចំនួន ១ម៉ឺនអាវ នឹងដាក់លក់នៅថៃក្នុងតម្លៃ ២,៥០០បាត ហើយទឹកប្រាក់ទាំងនោះនឹងយកទៅទ្រទ្រង់ដល់ការស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩នៅថៃ។
លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ បានសង្ឃឹមថាគម្រោងនេះនឹងអាចជួយស្ដារវិស័យទេសចរណ៍នៅថៃ ដោយទាក់ទាញភ្ញៀវបរទេសតាមរយៈការទស្សនាការប្រកួតរបស់ Leicester City នៅក្របខ័ណ្ឌ Premier League។
ប្រធានក្លឹប Leicester City បានបង្ហើបថា ពាក្យស្លោក “ប្រទេសថៃញញឹមជាមួយអ្នក” នឹងភា្ជប់ជាមួយអាវក្លឹបនេះនៅពេញរដូវកាលក្រោយ។
គួរបញ្ជាក់ផងដែរថា គម្រោង “ប្រទេសថៃញញឹមជាមួយអ្នក” ជាគំនិតផ្ដួចផ្ដើមដោយ ក្រសួងទេសចរណ៍ថៃ និងក្រុមហ៊ុន King Power ដែលជាក្រុមហ៊ុនឧបត្ថម្ភរបស់ក្លឹប Leicester៕