យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្លិបអ្នកបុណ្យ Barcelona កំពុងត្រៀមកុងត្រាថ្មីឲ្យខ្សែប្រយុទ្ធ Lionel Messi ដើម្បីចងជើងតារាឆ្នើមរូបនេះ នៅជាមួយក្លិបរហូតដល់រូបគេ មានអាយុ៣៦ឆ្នាំ។
កុងត្រាបច្ចុប្បន្នរបស់ Messi នៅមានសុពលភាពត្រឹម១២ខែទៀតប៉ុណ្ណោះ ពោលគឺផុតកំណត់ត្រឹមដំណាច់ខែមិថុនា ឆ្នាំក្រោយ ដូច្នេះមានន័យថារូបគេ នឹងអាចចរចាជាមួយក្លិបផ្សេងនៅទីផ្សារដោះដូរខែមករា ឆ្នាំ២០២១ ប្រសិនបើ Barcelona មិនអាចផ្ដល់កុងត្រាថ្មីឲ្យទាន់ពេលវេលា។
យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់កាសែត Mundo Deportivo ក្លិបយក្សតំបន់កាតាឡាន់ មិនព្រងើយកន្តើយ ប្រលែងឲ្យ Messi ធ្លាក់ទៅលើដៃក្រុមផ្សេងបានយ៉ាងងាយនោះទេ ដោយពួកគេ បានត្រៀមរួចរាល់ក្នុងការបន្តកិច្ចសន្យាថ្មីរយៈពេល៣ឆ្នាំទៀត ឲ្យម្ចាស់អាវលេខ១០រូបនេះ។
ប្រភពដដែលបានបន្ថែមទៀតថា ក្លិប Barca កំពុងរង់ចាំឪពុករបស់ Messi ត្រឡប់មកពីអាហ្សង់ទីនវិញ ក៏ដូចជាចង់រង់ចាំឲ្យផុតភារកិច្ចក្នុងការប្រកួតក្របខណ្ឌ La Liga និង Champions League រួចស្រេចសិន ទើបធ្វើការចរចាគ្នា ទាក់ទងនឹងរឿងកុងត្រាថ្មីនេះ។
គួររម្លឹកផងដែរថា Messi ត្រូវបាន Barca ថ្ពក់ចេញពីថ្នាលយុវជន ដំឡើងឲ្យមកលេងក្រុមឈុតធំ តាំងពីឆ្នាំ២០០៥មកម្ល៉េះ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបយក្សអេស្ប៉ាញ សរុបបាន៧២០ប្រកួត ក្នុងនោះ គេស៊ុតបញ្ចូលទីបាន៦២៩គ្រាប់។
មិនត្រឹមតែប៉ុណ្ណោះ គេក៏បានរួមចំណែកជួយក្រុម ឈ្នះពាន La Liga បាន១០ដង និងពាន Champions League ចំនួន៤ដង៕