Real Madrid ចង់បានកាន់តែខ្លាំងមកលើ កីឡាករកំពុងឡើងកូដនៅ PL តម្លៃ៨០លាន

0
683

កម្លាំងស្នូលនៅតំបន់បម្រើប្រយុទ្ធរបស់ Leicester City កីឡាករ James Maddison ត្រូវបានគេរាយការណ៍មកថា គឺជាគោលដៅនាំចូលរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid។

កីឡាករវ័យ២៣ឆ្នាំ Maddison បង្ហាញទម្រង់លេងយ៉ាងលេចធ្លោឲ្យក្រុមកញ្ឆ្រោងខៀវ Leicester City នៅរដូវកាល ២០១៩-២០ ដោយរកបានគ្រាប់បាល់៩គ្រាប់ ពីការបង្ហាញខ្លួន៣៥ប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់។

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេដឹងថាជាបេក្ខភាពមួយដែលចង់បានខ្លាំងមកលើ Maddison ប៉ុន្តែពេលនេះ Man UTD បានប្ដូរទិសដៅរ៉ាដាទៅរកប្រធានក្រុមរបស់ Aston Villa កីឡាករ Jack Greahlish វិញម្ដង។

បើតាមប្រភពព័ត៌មានពីក្នុងប្រទេសអេស្ប៉ាញ ក្រុមរបស់លោក Zidane ពេញចិត្តខ្លាំងមកលើជម្រើសជាតិអង់គ្លេសម្នាក់នេះ ដោយគ្រោងនឹងដាក់សំណើទិញយករូបគេទៅកាន់ក្របខណ្ឌ La Liga នៅទីផ្សាររដូវក្ដៅ ដើម្បីរៀបចំក្រុមឲ្យរួចស្រេចនៅពេលដែលអវត្តមានរបស់ Luka Modric។

ក្លិបជើងឯក Champions League ១៣សម័យកាល ត្រូវចំណាយប្រាក់យ៉ាងហោចណាស់៨០លានអឺរ៉ូ បើសិនជាចង់នាំយក Maddison ទៅលេងនៅកីឡដ្ឋាន Bernabeu សម្រាប់រដូវកាល ២០២០-២១។ បច្ចុប្បន្នកិច្ចសន្យារបស់ Maddison នៅកីឡដ្ឋាន King Power មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៣៕