ការប្រកួត​រវាង​ក្រុម liverpool និង​ក្រុម atletico madrid​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​មនុស្ស​៤១​នាក់​ដោយសារ​ជំងឺ covid-19

0
1052

កាសែត Sunday Times បាន​រាយការណ៍​ថា ការសម្រេចចិត្ត​អនុញ្ញាត​ឲ្យ​បន្ត​ការប្រកួត Champions League​រវាង​ក្រុម Liverpool​និង​ក្រុម Atletico Madrid អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​មនុស្ស​៤១​នាក់ ដោយសារ​ជំងឺ COVID-19​។

ក្រុម​របស់លោក Jurgen Klopp បាន​ជួប​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ​មួយ​នេះ នៅ​ការប្រកួត​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពី​ថ្ងៃទី​១១ ខែមីនា កន្លងទៅ នៅមុខ​ក្រុម​អ្នកគាំទ្រ​ប្រហែល​៥២.០០០​នាក់​ក្នុងនោះ​ក្រុម​អ្នកគាំទ្រ​ភ្ញៀវ​ប្រហែល​៣​ពាន់​នាក់​មកពី​ប្រទេស​អេ​ស្ប៉ា​ញ បាន​ចូលរួម​ទស្សនាការ​ប្រកួត​មួយ​នេះ។

ការប្រកួត​មួយ​នោះដែរ គឺជា​ការប្រកួត​ចុងក្រោយ​គេ​លេង​នៅ​អង់គ្លេស មុនពេល​ការ​បិទ​ប្រទេស​ដោយសារ​ការរីក​រាល​ដាល​ឆ្លង​នៃ​ជំងឺ COVID-19 ។

យោងតាម​សេចក្តី​រាយការណ៍​ពី​កាសែត Sunday Times ដែល​បាន​វិភាគ​លើ​ទិន្នន័យ​សម្រាប់​សេវាកម្ម​សុខភាព​ជាតិ​អង់គ្លេស បាន​ប៉ាន់​ស្មានថា ការប្រកួត​មួយ​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​មនុស្ស​៤១​នាក់​បន្ថែមទៀត នៅក្នុង​មន្ទីរពេទ្យបង្អែក នៅ​រយៈពេល​ចន្លោះ​ពី​២៥​ថ្ងៃ​ទៅ ៣៥​ថ្ងៃ​បន្ទាប់​។

មហាវិទ្យាល័យ​ចក្រពត្តិ​ក្រុង​ឡុង​ដ៍ និង​សាកលវិទ្យាល័យ​អុក​ហ្វ័​ដ បាន​ប៉ាន់​ស្មានថា ប្រទេស​អេ​ស្ប៉ា​ញ មាន​ករណី​ឆ្លង​ជំងឺ COVID-19​ប្រហែលជា​៦៤​ម៉ឺន​នាក់ នៅពេលនោះ ខណៈដែល​អង់គ្លេស​មាន​ករណី​ឆ្លង​១០​ម៉ឺន​នាក់ ។

លោក Steve Rotheram ដែលជា​អភិបាលក្រុង Liverpool​បាន​និយាយប្រាប់ BBC​ថា បើសិនជា​មនុស្ស​ឆ្លង​ជំងឺ COVID-19​ដោយសារតែ​ព្រឹ​ត្ត​ការណ៍​កីឡា​មួយ​នេះ យើង​មិនគួរ​ឲ្យ​វា​កើតឡើង​នោះទេ វា​ពិតជា​រឿងអាស្រូវ​ខ្លាំងណាស់៕