ខ្សែការពារជើងចាស់របស់ Liverpool លោក Warnock ណែនាំឲ្យតា Klopp ទិញជើងស៊ុតរបស់ Arsenal ម្នាក់នេះមករួមក្រុម

0
594

អតីតខ្សែកាពារក្រុម Liverpool លោក Stephen Warnock បានណែនាំឲ្យលោក Jurgen Klopp ទិញខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang ដើម្បីមកជួយការពារតំណែងជើងឯក Premier League នៅរដូវកាលក្រោយ។

លោក Klopp និង Aubameyang ធ្លាប់ជាគ្រូនិងសិស្សនឹងគ្នា រយៈពេល២ឆ្នាំ កាលនៅក្លិប Borussia Dortmund ចន្លោះពីឆ្នាំ២០១៣ ដល់ ២០១៥។ ជាមួយគ្នានេះ លោក Warnock យល់ឃើញថា អ្វីៗនឹងកាន់តែល្អ ប្រសិនបើគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ នាំយកជើងស៊ុតក្រុម Arsenal រូបនេះ មកបន្ថែមក្នុងតំបន់ប្រយុទ្ធជាមួយកីឡាករ Mohamed Salah, Sadio Mane និង Roberto Firmino។

លោក Warnock បាននិយាយក្នុងកម្មវិធីវិទ្យុ BBC យ៉ាងដូច្នេះថា៖

ប្រសិនបើខ្ញុំជាលោក Jurgen Klopp ខ្ញុំនឹងតាមទិញយក Aubameynag ខណៈកុងត្រារបស់គាត់សល់១ឆ្នាំទៀតប៉ុណ្ណោះ។ អ្នកណាមិនចង់បាន ខ្សែប្រយុទ្ធដែលអាចរកគ្រាប់បាល់ មិនថាដាក់ចូលលេងជាប់លាប់ក្នុងជម្រើសដំបូង ឬចូលពីបម្រុងមក។ គាត់នឹងអាចប្រជែងជាមួយប្រយុទ្ធទាំង៣របស់ Liverpool។ លើសពីនេះ គាត់មិនត្រូវការពេលវេលាដើម្បីសម្របខ្លួនច្រើនទេ ព្រោះគ្រូបង្វឹកបានយល់ដឹងពីគាត់ហើយ ។ Aubameyang អាចនឹងទាមទារប្រាក់ពលកម្មថ្លៃ ប៉ុន្តែសម្រាប់តម្លៃផ្ទេររូបគាត់ គឺមិនថ្លៃទេ ដោយសារកុងត្រារបស់គាត់ជិតផុតកំណត់។

គួរឲ្យដឹងដែរថា រយៈពេល២ឆ្នាំ នៅកីឡដ្ឋាន Emirates ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ Aubameyang បង្ហាញខ្លួនឲ្យ Arsenal បាន១០១ប្រកួត ស៊ុតបញ្ចូលទីបានរហូតដល់៦៣ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន១៤ដង៕