Liverpool គ្មានគំនិតចង់បញ្ចេញកីឡាករឆ្នើមម្នាក់នេះ នៅរដូវក្ដៅខាងមុខទេ

0
577

ខ្សែបម្រើវ័យក្មេង Curtis Jones នឹងទទួលបានឱកាសបង្ហាញខ្លួនក្នុងក្រុមឈុតធំរបស់ Liverpool ច្រើនជាងមុន នៅរដូវកាលក្រោយ បន្ទាប់ពីក្លិបគ្មានគម្រោងបញ្ចេញគេ ឲ្យក្រុមផ្សេងខ្ចីជើងនៅរដូវក្ដៅខាងមុខនោះទេ។

Jones វ័យ១៩ឆ្នាំ ត្រូវបាន Liverpool ថ្ពក់ចេញពីក្រុមយុវជន ដំឡើងមកលេងក្រុមធំក្នុងរដូវកាលនេះ។ យ៉ាងណាមិញ គេបានបង្ហាញទម្រង់លេងល្អគួរសម ដោយគេជាអ្នកស៊ុតជួយក្រុមលោក Jurgen Klopp ទម្លាក់ក្រុម Everton ក្នុងពានរង្វាន់ FA Cup។

ក្រោយមើលឃើញពីទេពកោសល្យរបស់ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ក្រុមគ្រូបង្វឹករបស់​ Liverpool ជឿជាក់ថា Jones នឹងវិវឌ្ឍន៍ខ្លួនកាន់តែល្អជាងនេះ ប្រសិនបើគេបន្តនៅកីឡដ្ឋាន Anfield  ក្រោមការដឹកនាំរបស់លោក Klopp ហេតុនេះហើយទើបក្លិបមិនមានគម្រោងបញ្ចេញគាត់ទៅឲ្យក្លិបផ្សេង។

យ៉ាងណាមិញ លោក Klopp ក៏ធ្លាប់បានសរសើរ ពីសមត្ថភាពរបស់​ Jones យ៉ាងដូច្នេះថា៖

“Jones ជាកីឡាករល្អ មិនគួរឲ្យជឿ មានទំនុកចិត្តលើខ្លួនឯង មើលទៅគេពិតជាមិនអាចរង់ចាំ សម្រាប់ការចូលលេងក្នុងក្រុមឈុតធំ។ គាត់បានបោះជំហានធំៗទៅមុខ ហើយគាត់នឹងក្លាយជាកីឡាករ របស់ Liverpool ។”

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Jones បង្ហាញខ្លួនក្នុងក្រុមធំ Liverpool បាន៦ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះ គេស៊ុតបញ្ចូលទីបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១ដង៕