Sancho នឹងជ្រើសរើសក្លិបមួយក្នុងចំណោមក្លិបយក្ស២នេះ តែអត់មាន Chelsea

0
745

យោងតាមសេចក្ដីរាយការណ៍​បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាបក្រុម Borussia Dortmund កីឡាករ Jadon Sancho នឹងធ្វើការជ្រើសរើសរវាងក្លិបបិសាចក្រហម Manchester United និងក្លិបអធិរាជស Real Madrid នៅពេលទីផ្សារដោះដូរបើកទ្វារម្ដងទៀត។ ជម្រើសជាតិអង់គ្លេសវ័យក្មេងរូបនេះ ជាគោលដៅរបស់ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងភ្ញាក់ផ្អើល រយៈពេល២រដូវកាល ជាមួយ Dortmund។

Sancho ត្រូវបានក្លិបដាក់តម្លៃខ្លួន ក្នុងតម្លៃខ្ទង់១០០លានផោន ហើយត្រូវបានគេរំពឹងថានឹងចាកចេញពីកីឡដ្ឋាន Signal Iduna Park នៅបំណាច់រដូវកាលនេះ។

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត អេស្ប៉ាញ Diario Madridista អតីតយុវជនថ្នាលរបស់ក្រុម​ Manchester City រូបនេះ មិនមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅក្លិប Chelsea នោះទេ ហើយមានជម្រើស២នៅរដូវក្ដៅខាងមុខ ទី១គឺផ្លាស់ទៅកីឡដ្ឋាន Old Trafford និងមួយទៀតគឺផ្លាស់ទៅកីឡដ្ឋាន Santiago Bernabeu។

ប្រភពខាងលើបានបន្ថែមទៀតថា Real Madrid កំពុងតាមប្រមាញ់​Sancho យ៉ាងយកចិត្តទុកដាក់ ដោយគ្រោងដាក់កីឡាករក្នុងកិច្ចព្រមព្រៀងជាថ្នូរដោះដូរ ប៉ុន្តែ Man UTD ហាក់មានប្រៀបជាងបន្តិច ដោយក្លិបយក្សអង់គ្លេស គ្រោងចាយលុយធំទៅឲ្យ Dortmund ផ្ទេរយកម្ចាស់អាវលេខ៧រូបនេះតែម្ដង។

គួររម្លឹកផងដែរថា Sancho បានផ្លាស់ពីក្រុម Man City មកចូលរួមជាមួយ Dortmund កាលពីឆ្នាំ ២០១៦ អមជាមួយតម្លៃផ្ទេរប្រមាណ៨លានដុល្លារប៉ុណ្ណោះ។ បង្ហាញខ្លួនឲ្យក្រុមយុវជន Dortmund បាន១រដូវកាល គេក៏ត្រូវបានក្លិបដំឡើងមកកាន់ឈុតធំ ក្នុងឆ្នាំ២០១៧។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនក្នុងក្រុមធំ បាន៩០ប្រកួត ស៊ុតបញ្ចូលទីបាន៣០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤២ដង៕