Liverpool ដាក់គោលដៅនាំយកខ្សែប្រយុទ្ធលំដាប់ A របស់ PSG

0
607

ក្លិបហង្សក្រហម Liverpool បានដាក់គោលដៅនាំយកខ្សែប្រយុទ្ធឆ្នើមរបស់ Paris Saint-Germain កីឡាករ Kylian Mbappe ដើម្បីមកជំនួសកន្លែងរបស់ Sadio Mane។

សេចក្ដីរាយការណ៍ក្នុងពេលថ្មីៗបានឲ្យដឹងថា អ្នកតំណាងរបស់ Mane បានជួបពិភាក្សាជាមួយ Real Madrid ជុំវិញការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ ហើយ Liverpool ក៏បើកភ្លើងខៀវក្នុងការលក់ខ្សែប្រយុទ្ធជម្រើសជាតិសេណេហ្គាល់ ក្នុងតម្លៃខ្លួន១៥០លានផោន ផងដែរ។

បើតាម The Sun ក្លិប Liverpool បានសម្លឹងឃើញការនាំចូល​Mbappe បើសិនជា Mane ទៅចូលរួមជាមួយក្រុមលោក Zinedine Zidane បើទោះបីជាក្លិបកំពុងឈរកំពូលតារាង Premier League អាចនឹងពិបាកក្នុងការចំណាយប្រាក់ទៅលើខ្សែប្រយុទ្ធដែលជួយឲ្យបារាំងឈ្នះពាន World Cup ក៏ដោយ។

យ៉ាងណាមិញ ប្រភពព័ត៌មានបានឲ្យដឹងថា ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Nike នឹងផ្ដល់លទ្ធភាពគ្រប់គ្រាន់ឲ្យ Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ដែលរកបានគ្រាប់បាល់១៨គ្រាប់ក្នុងក្របខណ្ឌ Ligue 1 ឲ្យក្រុម Thomas Tuchel នៅរដូវកាលនេះ។

គួរឲ្យដឹងដែរថា កិច្ចសន្យារបស់ Mbappe ជាមួយ PSG នឹងផុតកំណត់នៅឆ្នាំ២០២២។ គិតចាប់តាំងពីផ្លាស់ពី Monaco មករួមរស់នៅទីក្រុងប៉ារីស Mbappe ចូលលេងបាន១២០ប្រកួត និងរកគ្រាប់បាល់បាន៩០គ្រាប់ ពីគ្រប់ព្រឹត្តិការណ៍ទាំងអស់៕